(ត្បូងឃ្មុំ)៖ មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីដែលមានអាយុ៩ឆ្នាំ ដោយឥតគិតថ្លៃ ទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការដើម្បីការពារជំងឺមហារីកមាត់ស្បូន ដើម្បីសង្គ្រោះជីវិតពីសេចក្តីស្លាប់ ដែលបណ្តាលមកពីជំងឺមហារីកមាត់ស្បូន។

ពិធីនេះប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នាយក/នាយករដ្ឋបាលសាលាខេត្ត អាជ្ញាធរក្រុង ប្រធានមណ្ឌលសុខភាពប្រតិបត្តិទាំង៧ក្រុង/ស្រុក លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលធ្វើឡើងនៅបរិវេណសាលាបឋមសិក្សារស្មីកុមារសួង ស្ថិតនៅក្រុងសួង ខេត្តត្បូងឃ្មុំ។

នាឱកាសោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកឡើងថា ជំងឺមហារីកមាត់ស្បូន គឺជាអាទិភាពសុខភាពសាធារណៈដែលត្រូវយកចិត្តទុកដាក់នៅប្រទេសកម្ពុជា។ យើងទាំងអស់គ្នាត្រូវពន្លឿនកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់ជំងឺដ៏កាចសាហាវនេះ តាមរយៈការបញ្ចូលវ៉ាក់សាំងថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការនៅប្រទេសកម្ពុជា។

លោកអភិបាលខេត្ត បានបន្តថា៖ «យើងនឹងធានាថា កុមារី អាយុ ៩ឆ្នាំទាំងអស់ នឹងទទួលបានថ្នាំបង្ការជំងឺមហារីកមាត់ស្បូនមួយដូសដោយឥតគិតថ្លៃ ចាប់ពីថ្ងៃនេះតទៅ ហើយកម្ពុជាក៏មានគម្រោងនឹងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់ កុមារី ដែលមានអាយុ លើសពី៩ឆ្នាំ តាមរយៈការធ្វើយុទ្ធនាការក្នុងឆ្នាំ២០២៥ផងដែរ»

ទន្ទឹមនឹងនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអំពាវនាវដល់អាណាព្យាបាល ចំពោះកូនៗដែលគ្រប់អាយុចាក់វ៉ាក់សាំងមហារីកមាត់ស្បូន សូមអញ្ជើនាំមកទទួលការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ ឬមណ្ឌលសុខភាពដែលនៅជិតនៅផ្ទះ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ក្រោមម្លប់សន្តិភាព រដ្ឋបាលខេត្តត្បូងឃ្មុំ មានការរីចម្រើនលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាជាច្រើន មានដូចជា នៅក្នុងក្រុងសួង បាននឹងកំពុងស្ថាបនាកសាងសួនច្បារសាធារណៈមួយកន្លែង មានទីតាំងជាប់នឹងវត្តវិហារទន្ទឹម , ការស្ថាបនា រូបសំណាករង្វង់មូលហ្លួងព្រះស្តេច កន (ផ្លូវចូលមកកាន់តំបន់រដ្ឋបាលខេត្ត) និងពង្រីកផ្លូវបេតុងនៅបរិវេណក្បែរនោះអោយធំទូលាយ ជាដើម។

បើតាមរបាយការណ៍របស់ លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា រាជរដ្ឋាភិបាលបានផ្ដល់ថវិការជាតិសម្រាប់ទិញវ៉ាក់សាំងជាប្រចាំ និងបដិភាគ ជាមួយអង្គការ Gavi ក្នុងការបញ្ជាទិញវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់។ មកទល់ថ្ងៃនេះកម្មវិធីជាតិផ្ដល់ថ្នាំបង្ការមានវ៉ាក់សាំង ដែលអាចការពារជំងឺទារក កុមារ បានចំនួន១១មុខ រួមមាន : ជំងឺរបេង គ្រុងស្វិតដៃជើង ក្អកមាន់ ខាន់ស្លាក់ តេតាណូស រលាកថ្លើមប្រភេទបេ ជំងឺរលាកសួត រលាកស្រោមខួក្បាល (ដោយសារបាក់តេរី Hib) ជំងឺកញ្ជ្រឹល ជំងឺស្អូច ជំងឺរលាកស្រោមខួរក្បាល (Streptococcus) និងជំងឺរលាកខួរក្បាលជេអ៉ី ។

លោកបានបន្តថា តាមយុទ្ធសាស្ត្រ៥ឆ្នាំ របស់កម្មវិធីជាតិផ្ដល់ថ្នាំបង្ការ (ពីឆ្នាំ២០២២-២០២៥) ក្រោមការជួយគាំទ្រថវិកាពីអង្គការ Gavi ព្រមទាំងមានការគាំទ្របច្ចេកទេសពីអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វក្រសួងសុខាភិបាល បានអនុញ្ញាតអោយកម្មវិធីជាតិផ្ដល់ ថ្នាំបង្ការដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនលើកុមារអាយុ៩ឆ្នាំ ទៅក្នុងសកម្មភាពផ្ដល់ថ្នាំបង្ការជាប្រចាំនៅទូទាំង២៥ រាជធានី\ខេត្ត នៅតាមសាលារៀន និងតាមមូលដ្ឋានសុខាភិបាលសាធារណៈក៏ដូចជាតាមសហគមន៍ ដោយឥតគិតថ្លៃចាប់ពីពេលនេះតទៅ៕