(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវអាណាព្យាបាលទាំងអស់ ដែលមានកូនស្រីអាយុ៩ឆ្នាំ មកទទួលការចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បួនឱ្យបានគ្រប់ៗគ្នា នៅតាមសាលារៀន តាមភូមិ ឬមណ្ឌលសុខភាព ដោយឥតគិតថ្លៃ។
ការថ្លែងដូច្នេះរបស់លោករដ្ឋមន្ដ្រី ក្នុងឱកាសអញ្ជើញជាអធិបតីភាពប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលត្រូវផ្តល់តែចំនួនមួយដូសដល់កុមារីម្នាក់ៗ មានអាយុ៩ឆ្នាំដោយឥតគិតថ្លៃ ទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ ដើម្បីការពារជំងឺមហារីកមាត់ស្បូន ដែលពិធីនេះបានប្រព្រឹត្ដទៅនៅសាលាបឋមសិក្សាភ្នំពេញថ្មី នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ។
លោករដ្ឋមន្ដ្រីបានថ្លែងបន្ដថា អាណាព្យាបាលទំាងអស់ ត្រូវយល់ថា វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បួនមួយដូសនេះ នឹងនាំមកនូវសុភមង្គលដល់បុត្រធីតារបស់លោកអ្នកពេញមួយជីវិត។ យើងថែទាំចិញ្ចឹមបុត្រធីតា តែងតែរមែងចង់ឃើញកូនមានសុខភាពល្អ សម្រស់ស្អាត និងមានសុភមង្គល តែបើនៅពេលដែលបុត្រធីតាអ្នក កើតជំងឺមហារីកមាត់ស្បួនហើយ នោះនឹងបាត់បង់គ្រប់យ៉ាង កុំថាឡើយសម្រស់ គឺបាត់បង់សុភមមង្គលទាំងស្រុង។
«នៅកម្ពុជាយើងចំនួននៃជំងឺមហារីកកើតថ្មីមានប្រមាណ ១៨,០០០ករណីជារួម។ មានន័យថាក្នុងមួយថ្ងៃគ្រប់ប្រភេទនៃជំងឺមហារីកថ្មី មាន៤៩.៣% ស្មើនឹង៥០ករណីថ្មីក្នុងមួយថ្ងៃ ដែលនេះមិនរួមបញ្ចូលទាំងចំនួន ចាស់នោះទេ»។ ដូច្នេះសូមឱ្យមាតាបិតា លោកគ្រូ អ្នកគ្រូ យកចិត្ដទុកដាក់ ក្នុងការចូលរួមជាមួយសកម្មភាពនៃការទប់ស្កាត់ជំងឺមហារីកនេះ»។ នេះតាមកការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្ដ្រី។
សូមជម្រាបថា ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន ព្រមទាំងមានការគាំទ្រពីអង្គការសម្ព័ន្ឋសកលសម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ (Gavi) អង្គការសុខភាព ពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្ស អែកសេស អ៊ីនីតស៊ីអេធីវ (CHAI) នឹងដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលត្រូវផ្តល់តែចំនួន មួយដូសដល់កុមារីម្នាក់ៗដែលមានអាយុ៩ឆ្នាំ នៅទូទាំងប្រទេសកម្ពុជា តាមរយៈការផ្តល់ថ្នាំបង្ការនៅតាមសាលារៀនបឋមសិក្សា នៅតាមភូមិឬសហគមន៍ និងការផ្តល់ផ្តល់ថ្នាំបង្ការពេញមួយឆ្នាំ នៅតាមមណ្ឌលសុខភាពចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះតទៅ។
ជំងឺមហារីកមាត់ស្បូនជានិច្ចកាលត្រូវបានគេប្រសិទ្ធនាមថាជា «ឃាតកលាក់មុខ» ហើយក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងផងដែរដោយសារថ្នាំបង្ការ។ វីរុសមហារីកស្បូនវាបង្កឱ្យកើតជំងឺមហារីកមាត់ស្បូន ហើយជំងឺនេះជាមូលហេតុចម្បងទី៤ នៃការស្លាប់របស់ស្ត្រីដោយជំងឺមហារីកនៅទូទាំងពិភពលោក ហើយភាគច្រើនកើតនៅក្នុងប្រទេស ដែលមានប្រាក់ចំណូលទាបនិងមធ្យម។
នៅកម្ពុជាជំងឺមហារីកមាត់ស្បូន ជាមូលហេតុចម្បងទី២ ក្នុងចំណោមមហារីកគ្រប់ប្រភេទ ដែលកើតទៅលើស្ត្រីគ្រប់វ័យ។ យោងទៅតាមរបាយការណ៍របស់អង្កការសុខភាពពិភពលោកឆ្នាំ២០២០ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូន សរុបចំនួនប្រមាណ ១,១៣៥ (១១.៤%) ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន ៦៤៣ករណីបានស្លាប់។ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន គឺមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារស្ត្រី ពីជំងឺមហារីកមាត់ស្បូន តាមរយៈការកាត់ផ្តាច់នូវការចម្លងមេរោគមហារីកមាត់ស្បូន។ យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាស្រាស្តរបស់អង្ការសុខភាពពិភពលោកនាពេលបច្ចុប្បន្ន បានបង្ហាញថា៖ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួនមួយដូស គឺមានប្រសិទ្ធភាពខ្ពស់ប្រមាណពី៨០ ទៅ៩០% ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន។
ចាប់ពីឆ្នាំ២០១៧ ដល់ ២០១៨ ក្រសួងសុខាភិបាលបានអនុវត្តគម្រោងផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដ៏ជោគជ័យដល់កុមារីអាយុ៩ឆ្នាំនៅក្នុងស្រុករដ្ឋបាលចំនួន១០ នៅក្នុងខេត្តសៀមរាប និងខេត្តស្វាយរៀង។ គម្រោងនេះសម្រេចបានការគ្របដណ្តប់ចំនួន៩៦% ដែលជាលទ្ឋផលមួយបង្ហាញពីការចូលរួម និង ការមកទទួលថ្នាំបង្ការពីសំណាក់សហគមន៍ខ្ពស់ ដែលអាចឆ្លុះបញ្ចាំងថា ប្រទេសកម្ពុជាមានសមត្ថភាព និងបានត្រៀមរួចជាស្រេចផងដែរ សម្រាប់ការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននៅទូទាំងប្រទេស។ ឥឡូវនេះកម្ពុជាបានចូលរួមជាមួយប្រទេសចំនួន១៣៦ផ្សេងទៀត ដែលបានដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលត្រូវផ្តល់តែចំនួនមួយដូសដល់កុមារីម្នាក់ៗ មានអាយុ៩ឆ្នាំដោយឥតគិតថ្លៃ ទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ ដើម្បីការពារជំងឺមហារីកមាត់ស្បូន គឺមានការចូលរួមដោយផ្ទាល់ពីមាតាបិតា ជាអាណាព្យាបាលរបស់សិស្ស ដែលបាននាំកូនមកចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន។
ក្នុងឱកាសនោះអាណាព្យាបាលសិស្ស បានប្រាប់បណ្ដាញព័ត៌មាន Fresh News ទាំងអួលដើមកថា «ខ្ញុំសប្បាយចិត្ដណាស់ ថ្ងៃនេះសុខចិត្ដសូមច្បាប់គេមួយថ្ងៃ ដើម្បីនាំកូនមកចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូននេះ។ ខ្ញុំរំភើបណាស់ ព្រោះកាលជំនាន់ខ្ញុំមិនមានថ្នាំនេះចាក់ទេ ពេលកូនសុវត្ថិភាពពីជំងឺដ៏កាចសាហាវនេះ ពិតជាសប្បាយចិត្ដរកនឹកនិយាយអ្វីមិនកើត។ ខ្ញុំពិតជាសូមអរគុណដល់ថ្នាក់ដឹកនាំណាស់ ដែលបាននាំយកវ៉ាក់សាំងល្អ មកចាក់ជូនប្រជាពលរដ្ឋ ហើយដោយឥតគិតថ្លៃ»។
ចំណែកឯអាណាព្យាបាលដទៃទៀត ក៏បានសម្ដែងនូវការសប្បាយចិត្ដយ៉ាងខ្លាំងផងដែរ ពេលឃើញកូនស្រីរបស់គាត់បានទទួលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន ដែលអាចការពារកូនរបស់គាត់ចៀសផុតពីជំងឺនេះ៕