(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ស្រ្តីដែលមានបណ្ណ ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក្រមានបណ្ណសមធម៌ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលជាមធ្យម ៥០០ដុល្លារ ក្នុងអំឡុងពេលចាប់ពីមានផ្ទៃពោះ ក្នុងពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនមានអាយុ ២ឆ្នាំ ដែលនេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលសម្រាលបន្ទុករបស់ស្រ្តីមានផ្ទៃ និងសម្រួលការចំណាយបានមួយផ្នែក។
លោកបណ្ឌិត ចន ណារិទ្ធ លើកឡើងបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្រ្តី និង ស្រ្តីមកពីគ្រួសារមានបណ្ណសមធម៌ក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កុមារអាយុក្រោម ២ឆ្នាំ និងរបបថែទាំសុខភាពសម្រាប់បុគ្គលបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ។
លោកបានលើកឡើងថា ការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលសម្រាប់ស្រ្តីមានបណ្ណ ប.ស.ស. និង ស្រ្តីមកពីគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កុមារអាយុក្រោម ២ឆ្នាំ នឹងទទួលបានប្រាក់ឧបត្ថម្ភចែកចេញជា ៣ ដំណាក់កាល។ ដំណាក់កាលទី១ ជាដំណាក់កាលមកពិនិត្យផ្ទៃពោះ មុនសម្រាលទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤លើក, ដំណាក់កាលទី២ ពេលសម្រាល និងដំណាក់កាលទី៣ ជាដំណាក់កាលយកកូនមកពិនិត្យសុខភាព និងទទួលវ៉ាក់សាំងបង្ការបន្ទាប់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន១០ដង ដោយក្នុងពេលមកពិនិត្យផ្ទៃពោះ និងយកកូនមកចាក់វ៉ាក់សាំងម្តងទទួលបានប្រាក់ឧបត្ថម្ភចំនួន៨ម៉ឺនរៀល។
លោកបន្តថា ចាប់ពីខែសីហាឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានបង្កើន អត្ថប្រយោជន៍ទ្វេដង។ ពោលគឺបន្ទាប់ដាក់ឱ្យអនុវត្តកម្មវិធីនេះ កាលពីពាក់កណ្តាលឆ្នាំ២០១៩ នៅពេលដែលពួកគាត់ទៅពិនិត្យផ្ទៃពោះម្តងទទួលបានការឧបត្ថម្ភចំនួនតែ ៤ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីខែសីហាឆ្នាំ២០២៣ បានដំឡើងកម្រិតប្រាក់ឧបត្ថម្ភដល់ ៨ម៉ឺនរៀលក្នុងមួយដង។
លោកបន្ថែមថា «ប្រសិនបើបងប្អូនស្រ្តីយើងមានផ្ទៃពោះ មានកូនភ្លោះ២ ឬ៣ទៀត ចំនួនប្រាក់ឧបត្ថម្ភនេះក៏នឹងកើនឡើងផងដែរ ហើយតាមការគណនា នឹងអាចកើនឡើងរហូតដល់ ៧០០ដុល្លារ។ នេះគឺជាការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។ ដោយឡែកសមាជិក ប.ស.ស. ដែលជាកម្មករ និយោជិតគឺគាត់មានប្រាក់បំណាច់បន្ថែមទៀត ដែលប្រាក់បំណាច់នោះមានប្រហែលជា ៧០%នៃប្រាប់ឈ្នួលមធ្យមប្រចាំថ្ងៃ នៅក្នុងរយៈពេល ៩០ថ្ងៃនៃការឈប់សម្រាកលំហែរមាតុភាពដែលនឹងទទួលបានពីប.ស.ស.។ សរុបមក ក្នុងពេលមានផ្ទៃពោះនេះ រហូតដល់សម្រាល និងក្រោយសម្រាលសរុបទឹកប្រាក់ទៅ មិនតិចជាង ៩០០ដុល្លារនោះទេជាមធ្យម សម្រាប់ស្រ្តីដែលជាសមាជិក ប.ស.ស»។
ជាមួយគ្នានេះ អ្នកដែលសម្រាលបានកូនភ្លោះចាប់ពី ៣នាក់ឡើង ក៏នឹងទទួលបានការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន បន្ថែមទៀតចំនួន ៥លានរៀលផងដែរ។
លោកបានឱ្យដឹងទៀតថា ការផ្តល់ប្រាក់ឧបត្ថម្ភទាំងនេះ កម្មវត្ថុចម្បង គឺដើម្បីចូលចំណែកសម្រាលបន្ទុកចម្បងរបស់គ្រួសារនីមួយៗ ដែលមានស្រ្តីកំពុងមានផ្ទៃពោះ និងមានកូនតូចអាយុក្រោម២ឆ្នាំ។ បន្ថែមពីនេះ ក៏ដើម្បីធានា និងបំពេញនូវអាហារូបត្ថម្ភសម្រាប់ទារកនៅក្នុងផ្ទៃចាប់ពីពេលចាប់កំណើត ដល់១ពាន់ថ្ងៃដំបូង ឱ្យមានការលូតលាស់ល្អ និងប្រាជ្ញាស្មាតីល្អ។ លើសពីនេះទៅទៀត គឺលើកទឹកចិត្តដល់ស្រ្តីឱ្យទៅពិនិត្យសុខភាព ប្រើប្រាស់មូលដ្ឋានសុខាភិបាលរបស់រដ្ឋ និងបញ្ឈប់ការសម្រាលកូនដោយប្រើឆ្មប់ប្រពៃណី។
យោងតាមរបាយការណ៍ក្រុមប្រឹក្សាជាតិ គាំពារសង្គម រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្មវិធីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចំណាយអស់ថវិកាចំនួន ២៤ ០៨០ ៦៤០ ០០០ រៀល (ប្រមាណជាង៥លានដុល្លារ) ដែលមានអ្នកទទួលផលប្រមាណ ៣៣៩ ៩៧៧ នាក់។ ចំណែក កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម សម្រាប់កម្មករនិយោជិតជាស្ត្រី នៅពេលសម្រាលកូន មានចំនួន ២២ ៤៣៩ ៦០០ ០០០ រៀល(ប្រមាណជាង៥លានដុល្លារ) ដែលបានផ្តល់ប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិតជាស្ត្រីក្នុង និងក្រៅប្រព័ន្ធ នៅពេលសម្រាលកូន ប្រមាណ ៣៨៣ ០៧៥ នាក់៕