(ភ្នំពេញ)៖ លោកសាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅថ្ងៃ៥ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពការប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលត្រូវផ្តល់តែចំនួនមួយដូសដល់កុមារីម្នាក់ៗ ដែលមានអាយុ៩ឆ្នាំ ដោយឥតគិតថ្លៃ ទៅក្នុងកម្មវិធីជាតិផ្ដល់ថ្នាំបង្ការ ដើម្បីការពារជំងឺមហារីកមាត់ស្បូន។ ពិធីនេះ បានប្រព្រឹត្ដទៅនៅសាលាបឋមសិក្សាភ្នំពេញថ្មី។

តាមរយៈកិច្ចសម្ភាស, លោកសាស្ដ្រាចារ្យ ឈាង រ៉ា បានថ្លែងថា «ការចាក់ថ្នាំបង្ការការពារជំងឺមហារីកមាត់ស្បូននេះ គឺជាការចង់បានរបស់ប្រជាពលរដ្ឋកម្ពុជាយើង ជាពិសេសក្រសួងសុខាភិបាលបានរៀបចំយូរមកហើយ»។

លោកបន្តថា «ដូច្នេះនៅពេលនេះ ជាឱកាសជាប្រវត្ដិសាស្ដ្រមួយ ក្នុងនាមខ្ញុំជាមន្ដ្រីសុខាភិបាល មានការរីករាយយ៉ាងខ្លាំង។ ក្នុងនោះចំពោះប្រជាពលរដ្ឋក៏មានការសប្បាយរីករាយ ដែលទទួលបាននូវការផ្ដល់នូវវ៉ាក់សំាង ការពារជំងឺមាត់ស្បូន ដែលចាប់ផ្ដើមពីកុមារីអាយុ៩ឆ្នាំ។ ថ្នាក់បង្ការនេះមានអត្ថប្រយោជន៍សម្រាប់មួយជីវិត គឺចាក់តែមួយលើក (១ដូស) នៅពេលនេះ គឺការពារនូវជំងឺមហារីកមាត់ស្បូនបានរហូតដល់ទៅ៩០% ក្នុងមួយជីវិត»

លោករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បួនមានតម្លៃថ្លៃ តែរាជរដ្ឋាភិបាលកម្ពុជាយើង វិនិយោគសម្រាប់វិស័យសុខាភិបាលដោយប្ដូរផ្ដាច់ ដូច្នេះត្រូវតែផ្ដល់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ​។ នេះជាសមិទ្ធិផលថ្មីមួយ ក្រោមការដឹកនំាដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕