(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោកឧកញ៉ា គុយ លាងគី ព្រមទាំងពុទ្ធបរិស័ទ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានចូលរួមបុណ្យកាន់បិណ្ឌវេណទី៦ នៅកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ។

ក្នុងពិធីនោះ លោកស្រី ឃួន ឃុនឌី ក៏មានរៀបចំបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃសមាទានសីលធ្វើកិច្ច នមស្សការប័ង្សុកុល ព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លា អានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតាញាតិការទាំង ៧សណ្ដានដែលបានចែកឋានទៅកាន់លោកខាងមុខ។

លោកស្រីបានបន្តថា ពិធីកាន់បិណ្ឌនេះជាបុណ្យប្រពៃណីជាតិដ៏ធំមួយត្រូវធ្វើឡើងចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មត់ទុកថា ជាថ្ងៃបុណ្យភ្ជុំបិណ្ឌដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុរំដោះជាតិ និងប្រជាជន។

លោកស្រីបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យជាពិសេសវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋដែលប្រជាពលរដ្ឋទូទៅតែងតែគោរពទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរ និងនៅតាមទីវត្តអារាមនានា ហើយក៏សូមឱ្យអាជ្ញាធរ និងសមត្ថកិច្ចទាំងអស់ ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមទីវត្តអារាម និងរមណីយដ្ឋាននានាដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទក្នុងការធ្វើបុណ្យទាននេះផងដែរ៕