(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានណែនាំបន្ថែមដល់មន្ត្រីក្រោមឱវាទថា ថ្វីត្បិតតែកន្លងមកទទួលបានការកោតសសើរពីប្រជាពលរដ្ឋ ក្នុងការបម្រើសេវាសាធារណៈផ្សេងៗ ជូនពួកគាត់យ៉ាណាក៏ដោយ តែសូមបន្តអនុវត្តការងារប្រកបដោយភាពទទួលខុសត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ សុជីវធម៌ វិជ្ជាជីវៈ ក្នុងការបន្តបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរឡើងថែមទៀតធ្វើឱ្យលឿន រហ័ស និងមានតម្លាភាព។
ការណែនាំបែបនេះរបស់លោកអភិបាលខណ្ឌច្បបារអំពៅ បានធ្វើឡើងក្នុងឱកាសលោកបានជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់ការិយាល័យចំណុះឱ្យរដ្ឋបាលខណ្ឌ ជិត១០០នាក់ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ។
ក្នុងពិធីជួបសំណេះសំណាលមុនបុណ្យភ្ជុំបិណ្ឌនេះដែរ លោកអភិបាលខណ្ឌ បានកោតសសើរមន្ត្រីទទួលបន្ទុកអនុវត្តការងារគ្រប់ការិយាល័យទាំងអស់ ដែលបានខិតខំបំពេញការងារបំរើសេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋ រហូតទទួលបានការកោតសសើរតបមកវិញ ។ នេះហើយបង្ហាញពីសមិទ្ធផលការងាររបស់មន្ត្រីគ្រប់ការិយាល័យដែលបានរួមគ្នាក្នុងការអនុវត្តការងារតាមជំនាញប្រកបដោយភាពទទួលខុសត្រូវ មានគុណភាណ និងមានតម្លាភាព។
លោកបានលើកឡើងថា ជាក់ស្តែងការិយាល័យច្រកចេញ-ចូលតែមួយ បានខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបានលឿន រហ័ស និងមានតម្លាភាព រហូតដល់ប្រជាពលរដ្ឋលោកមានការកោតសរសើ។ ដូច្នេះ សូមមន្ត្រីគ្រប់ការិយាល័យទាំងអស់ រួមគ្នាបន្តការអនុវត្តន៍ឱ្យបានល្អប្រសើរឡើងថែមទៀត ក្នុងការបម្រើសេវាសាធារណៈផ្សេងៗ ជូនប្រជាពលរដ្ឋ មានសាមគ្គីភាពផ្ទៃក្នុងល្អ រក្សាបាននូវក្រមសីលធម៌ សុជីវធម៌ វិជ្ជាជីវៈ នៅពេលដែលប្រជាពលរដ្ឋមកទទួលសេវាគ្រប់ការិយាល័យទាំងអស់។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានឧបត្ថម្ភថវិកា និងភេសជ្ជៈ សម្រាប់ចូលរួមបពិធីបុណ្យភ្ជុំ ដល់មន្ត្រីរាជការចំណុះឱ្យរដ្ឋបាលខណ្ឌគ្រប់ៗគ្នា៕