(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានបន្តជំរុញការផ្សព្វផ្សាយ ការអនុវត្តកម្មវិធីគាំពារសង្គមចំនួន៣រួមមាន កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំ មកពីគ្រួសារមានបណ្ណសមធម៌, និង របបថែទាំសុខភាពសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យក្រុមគោលដៅទទួលផល ជាពិសេសស្រ្តី មិនបាត់បង់អត្ថប្រយោជន៍។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តកម្មវិធីគាំពារសង្គមទាំងបីនេះ លោក បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា កម្មវិធីគាំពារសង្គមទាំង៣នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋ ជាពិសេសស្រ្តីដែលស្ថិតក្នុងគ្រួសារក្រីក្រ។
លោកបន្តថា ការជ្រើសរើសកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំ មកពីគ្រួសារមានបណ្ណសមធម៌, និង របបថែទាំសុខភាពសម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ យកមកផ្សព្វផ្សាយក្នុងសិក្ខាសាលានៅថ្ងៃនេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងបន្ថែមទៀត ដល់តំណាងក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍពាក់ព័ន្ធ គ្រឹះស្ថានឯកជន សាធារណជនដែលកំពុងតាមដានទស្សនានៅលើបណ្តាញសង្គម និងប្អូនៗសិស្សនិស្សិត ឱ្យយល់កាន់តែច្បាស់ និងជួយផ្សព្វផ្សាយបន្តដល់គ្រួសារ សហការរីរបស់ខ្លួននៅតាមក្រសួងស្ថាប័ន គ្រឹះស្ថានឯកជន និងសហគមន៍នានាដែលជាបណ្តាញ ឬ ក្រុមគោលដៅរបស់អង្គការសង្គមស៊ីវិល។
លោកបន្តថាការបង្កើនផ្សព្វផ្សាយកម្មវិធីគាំពារសង្គមទាំង៣នេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍ និងកសាងប្រព័ន្ធគាំពារសង្គម អនុលោមតាមការចង្គុលបង្ហាញរបស់ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និង យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់តំណាងក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ គ្រឹះស្ថានឯកជន សាធារណជនដែលជាអ្នកទទួលផល។
លោកបានពន្យល់ថា សម្រាប់កម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលសម្រាប់សមាជិក ប.ស.ស. ជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ ឆ្នាំ មកពីគ្រួសារមានបណ្ណសមធម៌ ក្នុងអំឡុងពេលនេះ ប្រសិនបើគាត់មានកូនមិនទាន់គ្រប់អាយុ២ឆ្នាំ ក៏អាចស្នើសុំអត្ថប្រយោជន៍ឬប្រាក់ឧបត្ថម្ភពីរដ្ឋបានផងដែរ។
លោកពន្យល់បន្ថែមថា «មិនមែនមានន័យថា ទាល់តែម្តាយមានផ្ទៃពោះ ទទួលផលពីកម្មវិធីរហូតដល់ឆ្លងទន្លេហើយមានកូនរហូតដល់២ឆ្នាំបានទទួលនោះទេ។ ប្រសិនបើថ្ងៃនេះមានបងប្អូនមន្រ្តីរាជការជាស្រ្តី ឬកម្មករនិយោជិតជាស្រ្តី ដែលមិនបានទទួលបានប្រាក់ឧបត្ថម្ភពេលមានផ្ទៃពោះ ប៉ុន្តែបើឥលូវនេះកូនគាត់មិនទាន់ផុតអាយុ២ឆ្នាំ ក៏គាត់អាចទៅចុះឈ្មោះដើម្បីទទួលផលបានផងដែរ។»
ដោយឡែក កម្មវិធីរបបថែទាំសុខភាពសម្រាប់បុគ្គលបម្រើការក្នុងសេវាកំសាន្តនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោកជំរុញឱ្យបុគ្គលបម្រើការនៅក្នុងសេវាកម្មកម្សាន្តទេសចរណ៍ដែលមានជីវភាពក្រីក្រទៅចុះឈ្មោះសុំបណ្ណសមធម៌ ហើយអ្នកមិនទទួលបានបណ្ណសមធម៌ អាចទៅចុះឈ្មោះសុំបណ្ណ ម.ស.ស. ដើម្បីឱ្យពួកគាត់ទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយគិតថ្លៃ។
លោក ឃាន តួក អគ្គលេខាធិការរងនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា ដើម្បីទទួលបានភាពជោគជ័យនៃការអនុវត្តកម្មវិធី ឬរបបនានារបស់ប្រព័ន្ធគាំពារសង្គមខាងលើ គឺមិនអាចខ្វះបានឡើយនូវការបញ្ច្រាបចំណេះដឹង, ការងារទំនាក់ទំនងសាធារណៈ, និងផ្សព្វផ្សាយព័ត៌មាន ទៅកាន់ក្រុមពលរដ្ឋគោលដៅ ដែលជាអ្នកទទួលផល ទាំងនៅទីប្រជុំជន និង តាមតំបន់ដាច់ស្រយាលនានានៅទូទាំងប្រទេស តាមរយៈប្រព័ន្ធផ្សព្វផ្សាយ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ស្របតាមយុទ្ធសាស្រ្តទំនាក់ទំនង និង ផ្សព្វផ្សាយគាំពារសង្គម ដែលក្រុមប្រឹក្សាជាតិគាំពារសង្គម បានដាក់ឱ្យដំណើរការកាលពីពេលថ្មីៗកន្លងទៅនេះ។
បើតាមក្រុមប្រឹក្សាជាតិគាំពារសង្គម បច្ចុប្បន្ននេះ ប្រជាពលរដ្ឋដែលស្ថិតក្នុងភាពក្រីក្រីទទួលបានបណ្ណសមធម៌ សរុបមានជាង៧០ម៉ឺន៥ពាន់គ្រួសារ។ ចំណែក កម្មករនិយោជិត បុគ្គលិក្រុមហ៊ុនឯកជន និងមន្រ្តីរាជការដែលមានបណ្ណបសសកំពុងមានសុពលភាព មានជិត២លាននាក់។ ប៉ុន្តែមិនមែនស្រ្តីនៅក្នុងចំនួនទាំងនេះ សុទ្ធតែមានផ្ទៃពោះ និងមានកូនតូចនោះទេ។ ចំណែកក្រុមគោលដៅ ស្ថិតក្នុងវិស័យសេវាកម្សាន្តនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធមានប្រមាណ៣ម៉ឺននាក់។