(កំពង់ស្ពឺ)៖ ឧបនាយករដ្ឋនាយករដ្ឋមន្ត្រី សាយ សំណាល់ រដ្ឋមន្ត្រីក្រសួង ដែនដីនគររូបនីយកម្ម និងសំណង់ បានដាក់ចេញវិធានការជំរុញការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធទូទាំងប្រទេស។
ឆ្លើយតបជាមួយការណែនាំនេះ, មន្ទីរដែនដី នគររូបនីយកម្ម និងសំណង់ខេត្តកំពង់ស្ពឺ បានចាត់ចែងបង្កើតក្រុមការងារ និងជ្រើសរើសអ្នកស្ម័គ្រចិត្ត ធ្វើការចុះបញ្ជីរយៈពេល២ឆ្នាំ (ឆ្នាំ២០២៤-២០២៥) ឱ្យចប់ ដោយបង្កើតក្រុម ការងារចុះបញ្ជីសរុបចំនួន២២ក្រុម។
ក្រុមការងារចុះបញ្ជីដីខេត្តកំពង់ស្ពឺចំនួន១២ ក្រុមស្មើចំនួន១៩២នាក់ ដោយបែងចែកមន្ត្រីក្របខ័ណ្ឌចំនួន៦៦នាក់, មន្ត្រីកិច្ចសន្យាមន្ទីរចំនួន ៨នាក់, មន្ត្រីស្ម័គ្រចិត្តចំនួន ១១៨នាក់។
លោក តាប់ ម៉ាឡៃ ប្រធានមន្ទីរដែនដី នគររូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ក្រុមការងារនឹងចាប់ផ្តើមទទួលបានការបណ្តុះបណ្តាលចំនួន ៣ថ្ងៃ គិតចាប់ពីថ្ងៃទី៩-១១ ខែតុលា ឆ្នាំ២០២៣។
ប្រធានមន្ទីរបានបញ្ជាក់ថា ក្រោយពីបានបណ្ដុះបណ្ដាលរបស់គ្រូបង្គោលរួចហើយ ក្រុមការងារចុះបញ្ជីដីខេត្តកំពង់ស្ពឺទាំង១២ក្រុម ចាប់ផ្ដើមអនុវត្តទៅតាមការបែងចែករបស់មន្ទីរ។
ដោយឡែកក្រុមចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធរបស់មន្ទីរដែនដី នគររូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ បានចាប់ផ្ដើមចុះអនុវត្តនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នៅស្រុកគងពិសី ស្រុកបសេដ្ឋ និងស្រុកភ្នំស្រួច។ ប្រជាពលរដ្ឋទាំងអស់ដែលមានដី ត្រូវវាស់ជាប្រព័ន្ធត្រូវត្រៀមឯកសារ ឱ្យបានត្រឹមត្រូវតាមច្បាប់ងាយស្រួលក្រុមការងារធ្វើការវាស់វែងជូន៕