(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបង្ហាញលទ្ធផល នៃកិច្ចប្រជុំដើម្បីពិនិត្យ និងសម្រេចលើឯកសារមួយចំនួនពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះដឹកនាំដោយលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើឯកសារម្តងមួយៗរួចមក អង្គប្រជុំ គ.ជ.ប បានកែសម្រួល និងសម្រេចដូចខាងក្រោម៖

ទី១៖ កែសម្រួល និងឯកភាពជាគោលការណ៍លើឯកសារពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
*សេចក្តីសម្រេច ស្តីពីការផ្តល់សុពលភាព និងការដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥
*ទម្រង់របាយការណ៍ ស្តីពីលទ្ធផលនៃការស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទាំងអស់ក្នុងតំណែង
*ទម្រង់របាយការណ៍ ស្តីពីលទ្ធផលនៃការស្រង់ឈ្មោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែងនៃមណ្ឌលរាជធានី ខេត្ត
*ប្រតិទិននៃការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត
*សេចក្តីសម្រេច ស្តីពីការផលិត និងការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត
*គំរូបណ្ណព័ត៌មានអ្នកបោះឆ្នោត
*ទម្រង់របាយការណ៍បូកសរុបលទ្ធផល ស្តីពីការបែងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតតាមឃុំ សង្កាត់
*ទម្រង់របាយការណ៍បូកសរុបលទ្ធផល ស្តីពីការបែងចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតតាមឃុំ សង្កាត់ នៃមណ្ឌលរាជធានី ខេត្ត
*សេចក្តីសម្រេច ស្តីពីការបញ្ចូលឈ្មោះ និងលុបឈ្មោះអ្នកបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត។

ទី២៖ ក្រោយពីបានស្តាប់របាយការណ៍របស់ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប អំពីការផ្តល់យោបល់របស់ភាគីពាក់ព័ន្ធលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ រួចមក អង្គប្រជុំ គ.ជ.ប បានពិនិត្យម្តងមួយជំពូកៗ និងបានកែសម្រួលពាក្យពេចន៍មួយចំនួនក្នុងសេចក្តីព្រាងបទបញ្ជា និងនីតិវិធី។

អង្គប្រជុំ គ.ជ.ប បានឯកភាពលើសេចក្តីព្រាងបទបញ្ជា និងនីតិវិធី ដែលមានចំនួន ១០ ជំពូក និងឧបសម្ព័ន្ធ។

សេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ត្រូវបាន គ.ជ.ប បញ្ជូនទៅភាគីពាក់ព័ន្ធចំនួន ៨០ ស្ថាប័ន ដើម្បីផ្តល់យោបល់។ ស្ថាប័នចំនួន ៣៦ បានផ្តល់យោបល់ និងបញ្ជូនមក គ.ជ.ប វិញ។

ទី៣៖ កែសម្រួល និងឯកភាពលើឯកសារពាក់ព័ន្ធនឹងភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អ្នកសង្កេតការណ៍ជាតិចល័ត និងភ្ញៀវពិសេស សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានដូចខាងក្រោម៖

*សេចក្តីជូនដំណឹង ស្តីពីការដាក់ និងការទទួលពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ
*ពាក្យសុំចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ (ទម្រង់បែបបទ ១០០៧)
*ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍ជាតិ
*ពាក្យសុំចុះឈ្មោះអ្នកសង្កេតការណ៍អន្តរជាតិ
*គំរូបណ្ណសម្គាល់ភ្នាក់ងារគណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ អ្នកសង្កេត-ការណ៍អន្តរជាតិ អ្នកសង្កេតការណ៍ជាតិចល័ត និងភ្ញៀវពិសេស។

និងទី៤៖ ឯកភាពលើប្រតិទិន និងផែនការមេសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។

យោងតាមប្រតិទិននៃការបោះឆ្នោតដែល គ.ជ.ប បានសម្រេចរួចហើយ គឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ចំណែកឯការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤៕