(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរសារធាតុញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយថ្នាំញៀនជាង ២គីឡូក្រាម។
មន្ត្រីជាន់ខ្ពស់នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែតុលានេះថា អនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន, ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ ដោយមានការដឹកនាំ និងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យ (ក១១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីរក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់ នៅ២គោលដៅ ក្នុងរាជធានី)៖ គោលដៅទី១៖ នៅចំណុចបណ្តោយផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងគោលដៅទី២៖ នៅចំណុច បណ្តោយផ្លូវមុន្នីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ រ៉េត សារុន ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ថ្ងៃខែឆ្នាំកំណើត ១៩៨០ ដោយរឹបអូសបានមេតំហ្វេតាមីន (ICE) ទម្ងន់ ២២១៨ក្រាម (២គីឡូក្រាម និង២១៨ក្រាម)។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
សូមជម្រាបថា ក្រោយពេលចូលកាន់តំណែងជាអគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ស ថេត បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យមន្ទីរប្រឆាំងគ្រឿងញៀនបោសសម្អាត ឧក្រិនជនគ្រឿងញៀនឱ្យអស់ ហើយនាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំដោយឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានប្តេជ្ញាចិត្តថា នឹងចុះបង្ក្រាបគ្រឿងញៀន តាមបណ្ដាខេត្ដឲ្យអស់ នូវបញ្ហាគ្រឿងញៀននេះ៕