(ភ្នំពេញ)៖ ធនាគារ អ អេច ប៊ី ឥណ្ដូឆៃណាដែលជាសមាជិក នៃសម្ព័ន្ធធនាគារ RHB Bank Group ដែលជាធនាគារផ្តល់នូវសេវាហិរញ្ញវត្ថុពេញលេញ ធំលំដាប់ទី៤នៅប្រទេសម៉ាឡេស៊ី បានបើកជាផ្លូវការនូវ សាខាបឹងកេងកង និងសាខាម៉ៅសេទុង ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ ក្រោមអធិបតីភាពលោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជា និងលោក Dato’s Sri Hasan Malek ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោក Tan Sri Azlan Zainol ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធធនាគារ RHB Bank Berhad, លោក Tuan Haji Khairuddin Ahmed ប្រធានក្រុមប្រឹក្សាភិបាល ធនាគារ អ អេច ប៊ី ឥណ្ដូឆៃណា លីមីធីត, លោក Dato’ Khairussaleh Ramli អគ្គនាយកគ្រប់គ្រង នៃសម្ព័ន្ធធនាគារ RHB Banking Group និងសមាជិកក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ អ អេច ប៊ី ឥណ្ដូឆៃណា ជាច្រើននាក់។
នេះជាសាខាទី១០ និងទី១១ របស់ ធនាគារ អ អេច ប៊ី ឥណ្ដូឆៃណា ដែលបានបើកក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីដំណើរការអាជីវកម្ម អស់រយៈពេល ៨ឆ្នាំ ដែលនាំឲ្យមានសាខាសរុបចំនួន៧ នៅក្នុងរាជធានីភ្នំពេញ និងសាខាចំនួន៤ទៀត នៅតាមបណ្តារខេត្តដូចជា កំពង់ចាម បាត់ដំបង សៀមរាប និងព្រះសីហនុ។
លោក Dato’ Khairussaleh Ramli អគ្គនាយកគ្រប់គ្រង នៃសម្ព័ន្ធធនាគារ RHB Banking Group និងសមាជិកក្រុមប្រឹក្សាភិបាល បានថ្លែងថា ជាសម្ពន្ធ័ យើងមានសមត្ថភាព និងធនធានគ្រប់គ្រាន់ ដើម្បីគាំទ្រផែនការពង្រីកក្នុងតំបន់ ហើយយើងនឹងបន្តកសាងភាពខ្លាំង របស់យើងនៅក្នុងតំបន់។ យើងកំណត់សំរាប់ប្រតិបត្តិការពីអន្តរជាតិរបស់យើង ត្រូវរួមចំណែកលើប្រាក់ចំណេញចំនួន យ៉ាងតិច ២០%ត្រឹម ឆ្នាំ២០២០។ នេះស្របជាមួយនឹងការកែទម្រង់យុទ្ធសាស្រ្ត របស់សម្ពន្ធ័ធនាគារដែលសង្កត់ធ្ងន់លើលទ្ធផលការងារ និងការបំរើអតិថិជន ឲ្យបានល្អ។
លោកបន្ថែមថា ទ្រព្យសកម្មរបស់ធនាគារ អ អេច ប៊ី ឥណ្ដូឆៃណា បានកើនឡើង៦២% ក្នុងឆ្នាំ ២០០៨ ហើយមានការកើនឡើង ជាមធ្យម៥០% ជារៀងរាល់ឆ្នាំចាប់តាំង ពីធនាគារបានចាប់ផ្តើម។ ចាប់តាំងពីធនាគារបានចាប់ផ្តើម អាជីវកម្មនៅ ឆ្នាំ២០០៨ ធនាគារមានភព្វសំណាង ដោយទទួលបានការគាំទ្រដោយគ្មានងាករេ ពីអតិថិជនរបស់ខ្លួន ជារៀងរហូតមក។
លោកបានសង្កត់ធ្ងន់ថា សាខាម៉ៅសេទុង និងសាខាបឹងកេងកង នឹងផ្តល់ជូនអតិថិជនយ៉ាងទូលំទូលាយ នូវផលិតផល និងសេវាកម្មទាំងសំរាប់ការប្រើប្រាស់ទូទៅ និងសំរាប់ធ្វើពាណិជ្ជកម្ម ដែលរួមបញ្ចូលទាំងប្រតិបត្តិការ តាមបញ្ជរ មានដូចជាគណនីចរន្ត គណនីសន្សំ គណនីមានកាលកំណត់ ការផ្ទេរប្រាក់ ការប្តូរប្រាក់ ហិរញ្ញប្បទានពាណិជ្ជកម្ម និងប្រាក់កម្ចី។ សាខានេះក៏មានបំពាក់ នូវម៉ាស៊ីនអេធីអឹម (ATM) បច្ចេកវិទ្យាចុងក្រោយ និងដំបូងបង្អស់ដែលមានមុខងារ ដំណើរការពេញ២៤ម៉ោង សម្រាប់បម្រើសេវាទទួលប្រាក់បញ្ញើ ដកប្រាក់បញ្ញើ ដាក់មូលប្បទានបត្រ និងដកប្រាក់ ជារូបិយប័ណ្ណរៀល និងដុល្លារ ដែលមុខងារទាំងអស់នេះត្រូវបានរួមបញ្ចូលគ្នា នៅក្នុងម៉ាស៊ីន អេធីអឹម (ATM) តែមួយ។
ដោយឡែកលោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរង នៃធនាគារជាតិនៃកម្ពុជា បានថ្លែងឲ្យដឹងថា លោកស្រីសូមអបអរសាទរ ចំពោះសមិទ្ធិផល និងការវិវត្តរីកចម្រើនជាបន្តបន្ទាប់ របស់ធនាគារអ អេច ប៊ី ឥណ្តូឆៃណា រហូតមកដល់បច្ចុប្បន្ន ហើយសូមកោតសរសើរចំពោះ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំធនាគារ ដែលបានបន្តវិនិយោគ ពង្រីកបណ្តាញប្រតិបត្តិការ របស់ខ្លួនជាបន្តបន្ទាប់ ជាពិសេសចំពោះការសម្រេចចិត្ត បើកសាខាថ្មីចំនួន២ បន្ថែមទៀតនៅក្នុងរាជធានី ភ្នំពេញនៅថ្ងៃនេះ។ សមិទ្ធិផលនាថ្ងៃនេះ បានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈ របស់ធនាគារ ក្នុងការពង្រីកបណ្តាញប្រតិបត្តិការ ការផ្តល់ភាពងាយស្រួល ដល់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មធនាគារ និងការពង្រឹងសក្តានុពលប្រកួតប្រជែង ស្របតាមយន្តការទីផ្សារ ដែលចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពអាជីវកម្មធនាគារ ជម្រុញបរិយាប័ន្នហិរញ្ញវត្ថុ និងបង្កើនជំនឿទុកចិត្តរបស់សាធារណជន មកលើវិស័យធនាគារ ក្នុងប្រទេសកម្ពុជា។
លោកស្រីបានបន្តថា ក្នុងឆ្នាំ ២០១៥ កន្លងទៅ កំណើនសេដ្ឋកិច្ចកម្ពុជាបន្តកើនឡើង ប្រកបដោយភាពរឹងមាំ ក្នុងកម្រិត ៦,៩% ខណៈដែលអតិផរណាស្ថិតក្នុង កម្រិតអាចគ្រប់គ្រង ក្រោម ៣% និងតម្លៃប្រាក់រៀលបន្ត មានស្ថិរភាពល្អ។ ទន្ទឹមនឹងនេះ ប្រតិបត្តិការនិងសេវាកម្មធនាគារ នៅក្នុងប្រទេសកម្ពុជា បានវិវឌ្ឍរីកចម្រើនឥតឈប់ឈរ នៅក្នុងពេលថ្មីៗនេះ។ ជាក់ស្តែងគិតត្រឹមខែឧសភា ឆ្នាំ២០១៦ ទំហំទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារ បានកើនឡើងដល់ប្រមាណ ១០% ប្រាក់បញ្ញើរបស់អតិថិជនសរុបកើនឡើង ១០.៣២% និងឥណទានទីវិស័យឯកជនសរុបកើនឡើង១០.៨២% ធៀបនឹងដំណាច់ឆ្នាំ ២០១៥។ ទន្ទឹមនេះ ប្រតិបត្តិការអាជីវកម្មក្នុងវិស័យធនាគារ បានដំណើការទៅប្រកបដោយ ប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់ ។ បណ្តាបទប្បញ្ញប្រុងប្រយ័ត្ន ដែលបានដាក់ចេញដើម្បីគ្រប់គ្រង ប្រព័ន្ធធនាគារ ត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវ ដែលទាំងនេះ បានចូលរួមចំណែកយ៉ាងខ្លាំងក្លា ដល់ការពង្រឹងប្រព័ន្ធធនាគារកម្ពុជា ដើម្បីស័ក្តិសម ជាវិស័យដ៏សំខាន់ រួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ ប្រកបដោយភាពរឹងម៉ាំ។
លោកស្រីបន្តទៀតថា ក្នុងបរិបទនៃការវិវឌ្ឍ និងរីកចម្រើននៃវិស័យសេដ្ឋកិច្ច និងធនាគារ គួបផ្សំនឹងការប្រឈមនឹងហានិភ័យ នៃប្រព័ន្ធហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា ក្នុងនាមអាជ្ញាធរអាណាព្យាបាល នៅតែបន្តដាក់ឲ្យអនុវត្តនូវវិធានការម៉ាក្រូ ប្រុងប្រយ័ត្នបុរេសកម្មចម្បងៗ ជាបន្តបន្ទាប់ ធ្វើយ៉ាងណាគ្រប់គ្រងហានិភ័យ ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីពង្រឹងស្ថិរភាពហិរញ្ញវត្ថុឲ្យបានរឹងមាំ និងបង្កើនជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើប្រព័ន្ធធនាគារកម្ពុជា ឲ្យកាន់តែច្រើនថែមទៀត។
ជាចុងក្រោយលោកស្រី បានសង្កត់ធ្ងន់ថា តាងនាមលោក ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកស្រីសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំធនាគារ អអេចប៊ី ឥណ្តូឆៃណា និងជាពិសេសការប្តេជ្ញាគាំទ្រ របស់ភាគទុនិក ធនាគារ អ អេច ប៊ី ប៊ែហាត ប្រទេសម៉ាឡេស៊ី ដល់សម្មភាពធាជីវកម្មរបស់ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា ក្នុងប្រទេសកម្ពុជានេះ។ លោកស្រីមានសង្ឃឹមយ៉ាងមុតមាំថា ធនាគារ អ អេច ប៊ី ឥណ្តូឆៃណា នឹងបន្តធ្វើជាប្រតិបត្តិករល្អ ជាមួយធនាគារជាតិនៃ កម្ពុជា ក្នុងការអនុវត្តបទប្បញ្ញត្តិ និងជាអ្នកផ្តល់សេវាធនាគារ និងហិរញ្ញវត្ថុល្អជូនអតិថិជន ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួន ឲ្យមានប្រសិទ្ធភាព ផលិតភាព និងបរិយាប័ន្នថែមទៀត៕