(ក្រចេះ)៖ លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ប្រកាសផ្សព្វផ្សាយស្តីការដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន និងចាក់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ជូនសិស្សានុសិស្សជានារី ដែលមានអាយុ៩ឆ្នាំ ដោយឥតគិតថ្លៃ នៅបរិវេណសាលាបឋមសិក្សារកាកណ្តាល សង្កាត់រកាកណ្តាល ក្រុងក្រចេះ។
លោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្តក្រចេះ បានឱ្យដឹងថា ក្រសួងសុខាភិបាល បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលមូលដ្ឋាន និងដោយមានការគាំទ្រពីអង្គការសម្ព័ន្ធសកលសម្រាប់វ៉ាក់សាំង និងការផ្តល់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល្យ អែកសេស អ៉ីនីតស៊ីអេធីវ (CHAI)សម្រេចដាក់បញ្ចូលថ្នាំបង្ការជំងឺ មហារីកមាត់ស្បូន ដែលត្រូវផ្ដល់តែចំនួនមួយដូសដល់កុមារីម្នាក់ៗ ដែលមានអាយុ៩ឆ្នាំ នៅទូទាំងប្រទេសកម្ពុជា តាមរយៈការផ្ដល់ថ្នាំបង្ការនៅតាមសាលារៀនបឋមសិក្សា នៅតាមភូមិ ឬសហគមន៍ និងការផ្ដល់ផ្ដល់ថ្នាំបង្ការ ពេញមួយឆ្នាំនៅតាមមណ្ឌលសុខភាពចាប់ពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះតទៅ។
លោកបានបញ្ជាក់ទៀតថា ជំងឺមហារីកមាត់ស្បូនជានិច្ចកាលត្រូវបានគេប្រសិទ្ធនាមថាជា «ឃាតកលាក់មុខ» តែវាក៏ជាជំងឺមួយដែលអាចការពារបានទាំងស្រុងដោយសារថ្នាំបង្ការ។
យោងទៅតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ឆ្នាំ២០២០ បានបង្ហាញថា ជំងឺមហារីកមាត់ស្បូនសរុបចំនួនប្រមាណ ១១៣៥ (១១.៤%) ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យ ហើយចំនួន៦៤៣ករណីបានស្លាប់, យោងទៅលើការសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត របស់អង្គការសុខសុខភាពពិភពលោក នាពេលបច្ចុប្បន្ន បានបង្ហាញថា៖ ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនចំនួនមួយដូស គឺមានប្រសិទ្ធ ភាពខ្ពស់ប្រមាណពី៨០ ទៅ៩០% ក្នុងការកាត់បន្ថយការឆ្លង និងការការពារពីជំងឺមហារីកមាត់ស្បូន។
អង្គការសម្ព័ន្ធសកល សម្រាប់វ៉ាក់សាំង និងការផ្ដល់ថ្នាំបង្ការ (Gavi) អង្គការសុខភាពពិភពលោក (WHO) អង្គការមូលនិធិសម្រាប់កុមារនៃអង្គការសហប្រជាជាតិ (UNICEF) និងអង្គការគ្លីនតុនហែល អែកសស ម៉ីនីតស៊ីអេធីវ (CHAI) បានប្ដេជ្ញាបន្តគាំទ្រការអនុវត្តផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដែលជាសកម្មភាពមួយរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ និងជាយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការលុបបំបាត់ជំងឺមហារីកមាត់ស្បូន នៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកស្រី ខាំ សុភាព ក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលនៃកុមារទាំងអស់ សូមនាំកូនមកទទួលវ៉ាក់សាំងរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ឱ្យបានគ្រប់គ្នានៅតាមសាលារៀន មណ្ឌលសុខភាព ឬតាមរយៈបុគ្គលិកផ្តល់ថ្នាំបង្ការនៅតាមភូមិ ទៅតាមផែនការ និងការណាត់របស់បុគ្គលិកសុខាភិបាលកុំបីខានឡើយ៕