(កណ្ដាល)៖ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាល បានជំរុញរដ្ឋបាលក្រុងអរិយក្សត្រ ព្រមទាំងលោក លោកស្រីចៅសង្កាត់ទាំងអស់ក្នុងក្រុងអរិយក្សត្រ រួមគ្នាប្ដេជ្ញាចិត្តសម្រេចឱ្យបានជាក្រុងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នាពេលខាងឆាប់ៗនេះ។
លោក នុត ពុធដារ៉ា បានជំរុញបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយគោលការណ៍ណែនាំស្តីពីស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF+) នៅក្រុងអរិយក្សត្រ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣។
លោកបន្តថា នៅត្រឹមឆ្នាំ២០២៥ខាងមុខ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចជារដ្ឋបាលខេត្តកណ្តាលចង់សម្រេចឱ្យបានចក្ខុវិស័យនៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទជូនប្រជាជននៅជនបទ ឱ្យមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តរភាព ដើម្បីលើកស្ទួយសុខភាព ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោកបានបន្តទៀតថា រដ្ឋបាលខេត្តកណ្តាលបានធ្វើឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ជាក់ស្តែងគ្រួសារមានទឹកស្អាតប្រើប្រាស់មាន ៩០% រីឯខ្នងផ្ទះបានប្រើប្រាស់បង្គន់អនាម័យមាន ១០០% ដែលនាំឱ្យខេត្តកណ្តាលទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅឆ្នាំ២០២២។
លោកបានក្រើនរំលឹកថា ដ្បិតថាខេត្តកណ្តាលទទួបាលជ័យលាភីជាខេត្ត ODF រួចហើយក្តី ប៉ុន្តែការធ្វើឱ្យប្រជាជននៅជនបទមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌ និងមាននិរន្តរភាព ដែលជាចក្ខុវិស័យ នៃផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ គឺជាគោលបំណងដែលមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក៏ដូចរដ្ឋបាលខេត្តកណ្តាលចង់សម្រេចឱ្យបាននៅត្រឹមឆ្នាំ២០២៥ ដើម្បីលើកស្ទួយសុខភាព ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានថ្លែងថា ការជំរុញឱ្យក្រុងអរិយក្សត្រសម្រេចបាន ODF+ នេះ សង្ឃឹមថាអាចធ្វើទៅបាន ព្រោះបើយោងលើសូចនាករឃើញថា ក្រុងអរិយក្សត្រហាក់ដូចជា មានស្ទើរគ្រប់លក្ខខណ្ឌទៅហើយ។ ប៉ុន្តែទោះយ៉ាងណាក៏មិនត្រូវមានមោទនភាពដោយបោះបង់ការព្យាយាម បោះបង់ការអប់រំផ្សព្វផ្សាយ និងការជំរុញបន្ថែមលើការងារអនាម័យ បរិស្ថាន ការសាងសង់បង្គន់ផ្ទាល់ខ្លួន ក៏ដូចជាការសាងសង់បង្គន់ប្រកបដោយបរិយាប័ន្ននៅតាមស្ថាប័ន និងអង្គភាពផ្តល់សេវានោះដែរ។ ដូច្នេះត្រូវរួមសាមគ្គីគ្នាសហការគ្នាប្តេជ្ញាធ្វើឱ្យស្ថានការណ៍ប្រែប្រួលពីខេត្ត ODF ទី៣ ទៅជាខេត្តសម្រេចបាន ODF+ ទី១ នៅកម្ពុជា៕