(បាត់ដំបង)៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តបាត់ដំបង បានរៀបចំ «ទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ០១តុលា ឆ្នាំ២០២៣» ក្រោមប្រធានបទ «ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា» ជាទិវាមនុស្សចាស់កម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៣៣ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរ។
ពីធីនេះ ក្រោមវត្តមានលោក ផេង សិទ្ធី អភិបាលរងខេត្តតំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង, លោក ភួង សិទ្ធ ប្រធានមន្ទីរសង្គកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តបាត់ដំបង លោក ទុំ វីរ៉ា នាយកអង្គការមនុស្សចាស់កម្ពុជា មន្រ្តីរាជការ មន្ទីរពាក់ព័ន្ធនិងមនុស្សចាស់ ចូលរួមប្រមាណ១០០ នាក់។
លោក ទុំ វីរ៉ា បានថ្លែងថា អង្គការមនុស្សចាស់កម្ពុជា តែងតែបានសហការ និងយកចិត្តទុកដាក់ ជាមួយប្រធានមន្ទីរសង្គកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាខេត្តបាត់ដំបង រហូតមកដោយបានបង្កើត សមាគមមនុស្សចាស់ នៅក្នុងក្រុង ស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង។
នៅខេត្តបាត់ដំបងនេះ មានមនុស្សចាស់ច្រើនជាងគេ ក្នុងចំណាត់ថ្នាក់ទី៥នៃរាជធានី ខេត្តទាំងផ្សេងៗនៅកម្ពុជា។ លើសពីនេះ អង្គការបានបានសហការជាមួយមន្ទីរសង្គមកិច្ចកិច្ច បង្កើតសមាគមមនុស្សចាស់នៅខេត្តចំនួន៨ រាជធានី ខេត្ត មាននៅខេត្ត ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ បន្ទាយមានជ័យ ព្រះវិហារ និងរាជធានីភ្នំពេញ ដែលមានសមាគមសរុបរួម២៤០ សមាគមផងដែរ។
លោក ផេង សិទ្ធី បានថ្លែងថា «ទិវាមនុស្សចាស់កម្ពុជា និងមនុស្សចាស់អន្តរជាតិ០១ តុលា ២០២៣» ដែលរៀបចំដោយមន្ទីរសង្គកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា ខេត្តបាត់ដំបង នាថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងនាមរដ្ឋបាលខេត្តសូមគាំទ្រនិងសហការ ជួយបង្កលក្ខណៈលើការងារមនុស្សចាស់ ក្នុងការរស់នៅរបស់ពួកគាត់។
លោកបានសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្រ ក៏ដូចជាសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ជូនដល់មនុស្សវ័យចាស់កម្ពុជាទូទាំងប្រទេស ក្នុងការចូលរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុការពារ បូរណភាពទឹកដី ការអភិវឌ្ឍន៍សង្គម និងជាពិសេសជាធនធានដ៏កម្រដែលអាចនិយាយបានថា មនុស្សចាស់គឺជាមរតករស់ ដែលយើងគ្រប់គ្នាអាចពឹងផ្អែក និងស្វែងរកជំនួយបានទាំងផ្នែកបញ្ញាស្មារតី ប្រវត្តិសាស្រ្ត និងបទពិសោធន៍នៃសង្គមនីមួយៗ។
គួររំលឹកផងដែរថា នៅក្នុងប្រទេសកម្ពុជា យើងមានវប្បធម៌ ប្រពៃណីដ៏ល្អ ដែលកូន ចៅគ្រប់រូបត្រូវថែទាំ និងតបស្នងគុណដល់ជន ដែលមានបុព្វការៈមានដូចជាលោក យាយ លោកតា មាតាបិតារបស់ខ្លួន ដែលបានបង្ហាញពីកាយវិការដ៏ប្រពៃសម្រាប់ជាគម្រូដល់មនុស្សជំនាន់ក្រោយៗទៀត។
ក្នុងន័យនេះ ដើម្បីសម្ដែងនូវការដឹងគុណចំពោះគុណូបរការៈដ៏ថ្លៃថ្លារបស់មនុស្សវ័យចាស់ដែលបានបន្សល់ទុកនូវសមិទ្ធផល និងមរតកជាច្រើន រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការងារលើកកម្ពស់វិស័យសុខុមាលភាពមនុស្សវ័យ ចាស់ ដែលសំដៅធ្វើឲ្យប្រជាជនវ័យចាស់ក្នុងប្រទេសបានរស់នៅប្រកបដោយសុខុមាលភាពល្អ និងមានគុណភាពជីវិតខ្ពស់។
ដើម្បីឆ្លើយតបនឹងគោលបំណងខាងលើ រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយជាតិជាបន្តបន្ទាប់ ក្នុងនោះមានជាអាទិ៍៖ ការផ្ដល់ជូនរបបសន្តិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ការបង្កើតមូលនិធិជនពិការ មូលនិធិជាតិជំនួយសង្គម និងបានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ជាប្រធានកិត្ដិយស និងមានរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាជាប្រធានក្នុងនោះក៏មានក្រសួង-ស្ថាប័នចំនួន១៨ ជាសមាជិកផងដែរ។
ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល ក៏បានបង្កើតនូវគោលនយោបាយមួយចំនួនដែលគាំទ្រ និងលើកកម្ពស់មនុស្សវ័យចាស់ដូចជា គោលនយោបាយជាតិប្រជាជនឆ្នាំ២០១៦-២០៣០ ក្របខ័ណ្ឌគោលនយោ
បាយជាតិគាំពាសង្គមឆ្នាំ២០១៦-២០២៥ គោលនយោបាយថែទាំសុខភាព និងយុទ្ធសាស្រ្តសុខាភិបាលជាតិ សម្រាប់ថែទាំសុខភាពមនុស្សចាស់ឆ្នាំ២០១៦។
ពិសេសជាងនេះទៅទៀត ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា បានដាក់ចេញអោយប្រើប្រាស់នូវ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០» ដែលបានកែសម្រួលពីគោលនយោបាយចាស់ឆ្នាំ២០០៣។ ដែលនេះជាសមិទ្ធិផលដ៏មានតម្លៃសម្រាប់ប្រជាជនកម្ពុជាយើងទាំងមូល ជាពិសេសគឺមនុស្សចាស់។
ដើម្បីធ្វើឲ្យគោលនយោបាយទាំងអស់នេះ កាន់តែមានតម្លៃ និងប្រសើរថែមទៀតគឺទាមទារឲ្យមានការចូលរួមទាំងអស់គ្នា ពីគ្រប់ក្រសួងមន្ទីរ-ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងការអនុវត្តគោលនយោបាយទាំងអស់នេះ ឲ្យស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មនុស្សចាស់នៅតាមមូលដ្ឋាន។
នេះជារឿងដ៏ចាំបាច់បំផុតសម្រាប់យើងទាំងអស់គ្នាដែលត្រូវចូលរួមអនុវត្ត បន្ថែមលើនេះទៅទៀត រាជរដ្ឋាភិបាលក៏បានបង្កើតឲ្យមានអនុគណៈកម្មាធិការកម្ពុជាដើម្បីមនុស្សចាស់នៅគ្រប់រាជធានី-ខេត្ដ ដែលមានអភិបាលខេត្តជាប្រធានកិត្តិយស និងអភិបាលរងខេត្តជាប្រធាន ព្រមទាំងប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអនុប្រធានចិន្ត្រៃយ៌។
បើទោះបីជាយ៉ាងនេះក៏ដោយ បញ្ញាប្រឈមរបស់មនុស្សវ័យចាស់នៅក្នុងប្រទេស ជាពិសេសនៅក្នុងខេត្តបាត់ដំបងក៏នៅតែជាកង្វល់ដែលយើងទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុត និងចូលរួមរិះរកមធ្យោបាយសមស្របនានា ដើម្បីដោះស្រាយនូវបញ្ហាទាំងនោះប្រកបដោយប្រសិទ្ធិភាពនិងស័ក្កិសិទ្ធិភាព។
ឆ្លៀតក្នុងឱកាសនេះ លោក ផេង សិទ្ធី ក្នុងនាមលោក សុខ លូ អភិបាលខេត្ត សូមសម្តែងនូវការកោតសរសើរ និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួង មន្ទីរ អង្គការជាតិ អន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ដៃគូរអភិវឌ្ឍនានា និង អាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងកិច្ចការងារលើកកំពស់សុខុមាលភាព និងស្ថានភាពមនុស្សចាស់នៅកម្ពុជា៕