(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន ចាំបាច់ត្រូវបម្រើឱ្យការងារអាទិភាពរបស់ក្រសួង និងមានតម្លាភាព គណនេយ្យភាព ហើយសមស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១។

ការថ្លែងបែបនេះរបស់លោករដ្ឋមន្រ្តីបរិស្ថាន បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមូលនិធិ បរិស្ថាន និងសង្គមជាលក្ខណៈគ្រួសារបរិស្ថាន នៅទីស្តីការក្រសួង នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ បានរៀបចំថវិកាមូលនិធិបរិស្ថាន និងសង្គមឡើង ដើម្បីបំពេញ និងបម្រើឱ្យវិស័យបរិស្ថាន ទៅតាមអាទិភាពដែលក្រសួងបានដាក់ចេញ ហើយចំពោះករណីដែលមិនចំទិសដៅអាទិភាព ត្រូវសម្រួចទិសដៅឱ្យចំឡើងវិញ។

ការងារបរិស្ថានគឺមានភាពសំខាន់ជាសកល ដូចនេះនាវាបរិស្ថានអាចឆ្ពោះទៅមុខបានលឿន គឺពឹងអាស្រ័យលើការប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន និង សង្គមបានចំទិសដៅ ចំការងារអាទិភាព ប្រកបដោយតម្លាភាព មានប្រសិទ្ធភាពបំផុត និងស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង៕