(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោកស្រី Angela  Corcoran ដែលទើបចូលមកបំពេញបេសកកម្មការងារនៅក្នុង ប្រទេសកម្ពុជានោះ បានមើលឃើញប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន គឺកំពុងតែមានភាពរីកចម្រើន ហើយក៏មានទំនាក់ទំនងល្អប្រសើរ ជាមួយអូស្ត្រាលីផងដែរ។ លោកស្រីចង់ឃើញទំនាក់ទំនងល្អប្រសើររវាងកម្ពុជា និងអូស្ត្រាលី បន្តពូនជ្រុំ និង រីកចម្រើនទៅមុខកាន់តែខ្លាំងថែមទៀត។

ការថ្លែងរបស់លោកស្រី Angela  Corcoran បានធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញចូលជួបសម្តែងការគួរសម និង សំណេះ សំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦នេះ។

លោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានថា នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន លោកស្រី Angela  Corcoran បានគូសបញ្ជាក់ប្រាប់ សម្តេចតេជោថា កាលពីទសវត្សរ៍ឆ្នាំ៩០ លោកស្រីធ្លាប់បានធ្វើការងារនៅកម្ពុជា ក្នុងក្របខណ្ឌ UNDP ហើយលោកស្រីមើលឃើញថា ប្រទេសកម្ពុជា នាពេលបច្ចុប្បន្នកំពុងមានការរីកចម្រើនច្រើន បើធៀបនឹងទសវត្សរ៍ឆ្នាំ៩០។

លោក កៅ គឹមហួន បានបញ្ជាក់ថា «លោកជំទាវ បានកោតសរសើរសម្តេច ចំពោះភាពជោគជ័យ នៃសេដ្ឋកិច្ចរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហើយលោកជំទាវចង់ឃើញ ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការកិច្ចសហការទៅលើការប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស និងវិស័យយោធា»

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសអូស្ត្រាលី ដែលបានគាំទ្រ និង ធ្វើឲ្យមានកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្ម ហើយជាក់ស្តែងវិទ្យាស្ថានកាឌី ដែលកន្លងមកជួយស្វែងរកពូជស្រូវថ្មី ធ្វើឲ្យអង្កររបស់ប្រទេសកម្ពុជាទទួលបានជោគជ័យ ៣ឆ្នាំជាប់ៗគ្នានៅលើពិភពលោក។

សម្តេចតេជោ បានសម្តែងភាពរីករាយ ចំពោះផែនការកូឡុំបូថ្មី ដែលមានការបញ្ជូនសិស្ស នៃប្រទេសទាំងពីរផ្លាស់ប្តូរការសិក្សាគ្នាទៅវិញទៅមក ហើយសម្តេច ក៏បានស្វាគមន៍ចំពោះផែនការនេះ ពីព្រោះវា ជាការពង្រឹងការទំនាក់ទំនងរវាងប្រជាជន និង ប្រជាជន។

សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់អូស្ត្រាលី ដែលចូលរួមបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជា។ សម្តេចតេជោថា ធនធានមនុស្ស បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា៕