(កំពត)៖ លោកអភិបាលរងខេត្តកំំពត ស៊ីវ ផេង បានអំពាវនាវអាណាព្យាបាល មាតាបិតាគ្រប់រូប ត្រូវនាំកូនរបស់ខ្លួន ទៅទទួលវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន និងវ៉ាក់សាំងការពារជំងឺផ្សេងៗទៀតឲ្យបានគ្រប់មុខ ដែលក្រសួងសុខាភិបាលផ្តល់ជូនសំដៅលើកកម្ពស់សុខភាពទារក និងកុមារ ដើម្បីចូលរួមកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺផ្សេងៗ ដែលអាចបង្ការបាន នៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។

ការអំពាវនាវបែបនេះ ខណៈលោកអភិបាលរងខេត្ត ស៊ីវ ផេង ចូលរួមជាអធិបតី ក្នុងពិធីប្រកាសបញ្ជូលឆ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីអាយុ៩ឆ្នាំ ដែលបានរៀបចំប្រព្រឹត្តធ្វើឡើង នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាកំពតក្រុង ស្ថិតក្នុង សង្កាត់កំពង់កណ្តាល ក្រុងកំពត។

ទន្ទឹមនេះ លោក ស៊ីវ ផេង បានឡើងទៀតថា រាជរដ្ឋាភិបាលបានចាត់ទុកកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ជាការវិនិយោគលើវិស័យសុខភាពសាធារណៈ របស់កុមារដ៏មានប្រសិទ្ធភាពមួយ ព្រមទាំងបានចូលរួមចំណែកដ៏សំខាន់ ក្នុងការកាត់បន្ថយអត្រាឈឺ ពិការភាព និងស្លាប់របស់កុមារនៅទូទាំងប្រទេស។

លោកថា «រាជរដ្ឋាភិបាលបានផ្តល់ថវិកាជាតិសម្រាប់ទិញវ៉ាក់សាំងជាប្រចាំ និងបដិភាគជាមួយ អង្គការ Gavi ក្នុងការបញ្ជាទិញវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់ ហើយរហូតមកដល់ថ្ងៃនេះ យើងមានវ៉ាក់សាំងរហូតដល់១២មុខ សម្រាប់ផ្តល់ជូនទារក និងកុមារ។ ចំពោះអាណាព្យាបាលដែលបាននាំកូនមកទទួលការចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន ពួកគាត់ទាំងអស់គ្នា បានសម្តែងសេចក្តីសប្បាយចិត្ត ដែលរាជរដ្ឋាភិបាល បានផ្តល់វ៉ាក់សាំងនេះឲ្យឥតគិតថ្លៃ»

លោកបានអំពាវនាវ ដល់ពលរដ្ឋទាំងអស់ ត្រូវនាំកូនរបស់ខ្លួនមកទទួលការចាក់វ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខភាពកូនរបស់ខ្លួនតទៅថ្ងៃអនាគត។

លោក ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានលើកឡើងថា មកដល់ថ្ងៃនេះ កម្មវិធីជាតិផ្តល់ថ្នាំបង្ការមានវ៉ាក់សាំង ដែលអាចការពារជំងឺទារក និងកុមារបានចំនួន១២មុខ រួមមាន៖ ជំងឺរបេង គ្រុនស្វិតដៃជើង ក្អកមាន់ ខាន់ស្លាក់ តេតាណូស រលាកថ្លើមប្រភេទបេ ជំងឺរលាកសួត រលាកស្រោមខួរក្បាល (ដោយសារបាក់តេរី Hib) ជំងឺកញ្រ្ជឹល ជំងឺស្អូច  ជំងឺរលាកសួត រលាកស្រោមខួរក្បាល (ដោយសារបាក់តេរី Streptococcus) ជំងឺរលាកខួរក្បាលជេអ៊ី និងជំងឺមហារីកមាត់ស្បូន ដែលទើបបញ្ចូលនៅថ្ងៃនេះ។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានអំពាវនាវមាតាបិតា អាណាព្យាបាលកុមារទាំងអស់ សូមនាំកូនមកទទួលវ៉ាក់សាំង របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការឱ្យបានគ្រប់គ្នា នៅតាមសាលារៀន មណ្ឌលសុខភាព ឬតាមរយៈបុគ្គលិកផ្តល់ថ្នាំបង្ការនៅតាមភូមិ ទៅតាមផែនការ និងការណាត់របស់បុគ្គលិកសុខាភិបាលកុំបីខានឡើយ៕