(ភ្នំពេញ)៖ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កុំខ្លាចនឹងការវិនិយោគទៅលើមនុស្ស ដើម្បីបង្កើតលទ្ធផលការងារសម្រាប់ជាតិ ព្រោះកិច្ចការស្រាវជ្រាវដែលពួកគាត់បានចងក្រងមានសារៈសំខាន់ណាស់សម្រាប់ជាតិ និងសិស្សានុសិស្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា។
សម្តេចធិបតី បានលើកទឹកចិត្តឱ្យមានការអភិវឌ្ឍន៍សមត្ថភាពគ្រូជាប្រចាំ និងបង្កើនទៅលើស្រាវជ្រាវ ចងក្រងឯកសារ បង្កើតវប្បធម៌ស្រាវជ្រាវ និងវប្បធម៌អាន។ ហើយការស្រាវជ្រាវ ចងក្រងរបស់លោកគ្រូអ្នកគ្រូ ត្រូវមានការលើកទឹកចិត្ត។
សម្តេចធិបតីបានថ្លែងបន្តថា «កុំខ្លាចវិនិយោគទៅលើការងារបង្កើតលទ្ធផលបែបនេះ កុំខ្លាចវិនិយោគទៅលើមនុស្ស ដើម្បីបង្កើតលទ្ធផលការងារសម្រាប់ប្រទេសជាតិយើង។ ខ្ញុំសប្បាយចិត្តដែលពួកគាត់លើកឡើងថា ក្នុងមួយឆ្នាំនេះ បានស្រាវជ្រាវ និងចងក្រងសៀវភៅបានជាងមួយពាន់ ទាំងលោកគ្រូ អ្នកគ្រូ និងសិស្ស»។
សម្តេចធិបតី បានលើកឡើងទៀតថា កាលសម្តេចរៀននៅក្រៅប្រទេស ពេលដែលចង់សរសេរពីកម្ពុជា ឯកសារនៅក្នុងបណ្ណាល័យគឺសុទ្ធតែសៀវភៅដែលស្រាវជ្រាវដោយជនបរទេសទាំងអស់ មិនមានសៀវភៅដែលសរសេរដោយជនជាតិខ្មែរនោះទេ ហេតុនេះហើយសម្តេចជំរុញលោកគ្រូអ្នកគ្រូឱ្យមានស្រាវជ្រាវ និងចងក្រងសៀវភៅឬឯកសារឱ្យបានច្រើនសម្រាប់ក្មេងជំនាន់ក្រោយ ដើម្បីឈ្វេងយល់ពីប្រវត្តិសាស្រ្តរបស់ខ្លួន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនឹងរៀបចំការចងក្រងឯកសារប្រវត្តិសាស្ត្រពីសតវត្សរ៍ទី១មក ដើម្បីឱ្យកូនខ្មែរសិក្សារៀនសូត្រ ព្រោះប្រទេសផ្សេងគេក៏មានសរសេរប្រវត្តិសាស្រ្តរបស់គេ តែអាចពាក់ព័ន្ធនឹងខ្មែរ ដូច្នេះហើយត្រូវតែសរសេរ ស្រាវជ្រាវ និងចង់ក្រងឱ្យបានច្បាស់។ ក្រៅពីនោះការស្រាវជ្រាវចងក្រងថ្មី ទាក់ទងនឹងវិទ្យាសាស្រ្ត ឬជំនាញផ្សេងជាដើម ក៏ត្រូវបានលើកទឹកចិត្តផងដែរ៕