(តាកែវ)៖ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ វេនទី៦ នៅវត្តតុំ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ ប៉ែន ចនី្ន ហ៊ីងប៊ុនហៀង និងលោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត មានចំនួន ៧៩១គ្រួសារ មកពី៥ភូមិ ក្នុងក្រុងដូនកែវ ខេត្តតាកែវ។

យោងតាមរបាយការណ៍ស្វាគមន៍របស់លោក អភិបាលក្រុងដូនកែវ ខេត្តតាកែវ បានដឹងថា ក្រុងដូនកែវ មាន ៣សង្កាត់, ៤០ភូមិ ហើយមានប្រជាពលរដ្ឋ ចំនួន ៩.៩៦២គ្រួសារ ស្មើនឹង ៤៥.៦៧១នាក់ /ស្រី ២៣.១៥០នាក់ ក្នុងនោះ ប្រជាពលរដ្ឋក្រីក្រ មានចំនួន ១.៤៤៧គ្រួសារ។

លោក ណុប រ័ត្ននិមល បានថ្លែងថា ដោយទឹកចិត្តសទ្ធាជ្រះថ្លារបស់នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី ប៉ែន ចនី្ន ជារៀងរាល់ឆ្នាំ នៅក្នុងពិធីបុណ្យប្រពៃណីជាតិ លោក លោកស្រី តែងប្រារព្ធពិធីបុណ្យ នៅវត្តតុំ និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងកិច្ចតបស្នងដឹងគុណដល់បុព្វការីជន និងអ្នកមានគុណ។

លោកបានបញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ទើបយើងបានធ្វើបុណ្យធ្វើទាន និងការគោរពប្រតិបត្តិ បូជាតាមជំនឿសាសនា។ លោក ណុប រ័ត្ននិមល បានបន្តថា សុខសន្តិភាពកើតមានក្នុងប្រទេសកម្ពុជា នាពេលនេះ ពិតជាមានតម្លៃថ្លៃថ្លាណាស់ ទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ យើងត្រូវតែការពារថែរក្សាឲ្យបាន និងគង់វង្សជារៀងរហូត។ មានសុខសន្តិភាពទើបមានអ្វីៗទាំងអស់ ហើយសូមបងប្អូនប្រជាពលរដ្ឋខិតខំបង្កបង្កើនផល និងធ្វើការរកស៊ីទទួលទាន ដើម្បីលើកកម្ពស់ជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។

ក្នុងឱកាសនោះ លោកស្រី ប៉ែន ចនី្ន ហ៊ីង ប៊ុនហៀង, លោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ បានឧបត្ថម្ភថវិកាសាលាក្រុងដូនកែវ ចំនួន ២លានរៀល និងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋ មកពី៥ភូមិ ក្នុងក្រុងដូនកែវ ចំនួន ៧៩១គ្រួសារ ដែលក្នុង១គ្រួសារ ទទួលបានអង្ករ ១បាវ, មី២កេស, ទឹកត្រី ២យួរ និងថវិកា ២ម៉ឺនរៀល។

បន្ទាប់មក លោកស្រី ប៉ែន ចនី្ន ហ៊ីង ប៊ុនហៀង លោក ណុប រ័ត្ន និមល និងលោកស្រី ហ៊ីង សុខលាភ ព្រមទាំងក្រុមគ្រសារញាតិមិត្ត បានអញ្ជើញរៀបចំពិធីបង្សុកូល សូត្រមន្តរាប់បាត ឧទ្ទិសកុសលផលបុណ្យ ជូនដល់បុពការីជន មាន មហាឧបាសក ហ៊ីង ហ៊ឹន មហាឧបាសិកា តាត់ ឡឹង មហាឧបាសក នូវ វ៉ូ និងព្រឹទ្ធមហាឧបាសិកា សុខ ជុំ ព្រមទាំងញាតិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ព្រមទាំងបានបួងសួងសុំឲ្យ ព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពជារៀងរហូត៕