(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យប្រើប្រាស់ស្តង់ដារសាលាគំរូ និងពានរង្វាន់សាលាគំរូសម្តេចមហាបវរធិបតី សម្រាប់សាលារៀន ដើម្បីពង្រឹងគុណភាពអប់រំ និងលើកកម្ពស់ឥរិយាបថសិស្ស។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ឆ្លៀតឱកាសនេះខ្ញុំសូមប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្តង់ដារសាលារៀនគំរូ និងពានរង្វាន់សាលាគំរូសម្តេចមហាបវរធិបតី សម្រាប់សាលារៀនដែលសម្រេចបានស្តង់ដារសាលារៀនគំរូ ចាប់ពីឆ្នាំសិក្សា ២០២៣- ២០២៤នេះតទៅ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា គោលដៅនៃការដាក់ឱ្យប្រើប្រាស់ស្តង់ដារសាលាគំរូនេះ ដើម្បីឱ្យសាលារៀនមានគណនេយ្យភាពជាមួយសហគមន៍ និងសម្រេចបានស្តង់ដារជាសាលារៀនគំរូ, សាលារៀនមានស្វ័យភាពកែរលម្អរសាលារៀន ថ្នាក់រៀន និងផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដល់គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន, សិស្សមានសមត្ថភាពនឹងធ្វើតេស្តស្តង់ដារប្រកបដោយតម្លាភាព និងយុត្តិធម៍, គ្រូបង្រៀនអាចប្រើប្រាស់លទ្ធភាពតេស្តដើម្បីកែរលម្អរ ការបង្រៀន និងការអភិវឌ្ឃគុណវុឌ្ឍិជាប្រចាំ ហើយថែមទាំងអាចជួយសិស្សរៀនយឺត និងផ្តល់ព័ត៌មានត្រឡប់ទៅមាតាបិតា អាណាព្យាបាល និងសហគមន៍វិញបានទាន់ពេលវេលា, បង្កើនការបង្កើតសកម្មភាពក្រៅម៉ោងសិក្សាដើម្បីអប់រំគុណធម៍ សីលធម៍ សុជីវធម៍ដល់សង្គម, មានការយកចិត្តទុកដាក់លើបញ្ហាសុខភាពសិក្សា និងអាហារូបត្ថម្ភរបស់សិស្សានុសិស្ស, មានការចូលរួមពីមាតាបិតាអាណាព្យាបាល និងសហគមន៍ក្នុងការគាំទ្រ និងអភិវឌ្ឍសាលារៀនឱ្យមានប្រសិទ្ធភាព។

សម្រាប់រយៈពេល២ឆ្នាំខាងមុខ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើរដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជួយអភិវឌ្ឍន៍សាលារៀន ចាប់ពីថ្នាក់មត្តេយ្យដល់មធ្យមសិក្សាតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយទៅតាមស្តង់ដារទាំង៥ រួមមាន៖

ទី១៖ លទ្ធផលសិក្សារបស់សិស្ស៖ ត្រូវកំណត់យកលទ្ធផលសិក្សារបស់សិស្សជាគោល និងកំណត់យកមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ ជាមុខវិជ្ជាអតិភាព។

ទី២៖ ការបង្រៀននិងរៀន៖ ត្រូវបង្កើតកម្មវិធីសិក្សាបន្ថែមដូចជា៖ ការបង្រៀនភាសាបរទេស កុំព្យូទ័រ បំណិនជីវិតមូលដ្ឋាន ហើយត្រូវរៀបចំកម្មវិធីក្រោម៉ោងសិក្សា ដូចជាកម្មវិធីអភិវឌ្ឍន៍យុវជន កម្មវិធីស្ម័គ្រសហគមន៍ និងបរិស្ថាន ពង្រឹងវិន័យនិងសីលធម៍ ចរិយាធម៍ សុជីវធម៍ និងគុណធម៍ ឥរិយាបថល្អរបស់ល្អបុគ្គលិកអប់រំ និងសិស្សានុសិស្ស។

ទី៣៖ ការចូលរួមរបស់សហគមន៍ និងមាតាបិតា៖ សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាល និងសហគមន៍ ជួយជំរុញការសិក្សារបស់សិស្ស និងទប់ស្កាត់ការបាត់បង់ការសិក្សា ហើយត្រូវលើកទឹកចិត្តកូនឱ្យចូលរៀនក្នុងសាលាឱ្យបានគ្រប់ៗគ្នា។

ទី៤៖ ដំណើរប្រតិបត្តិការរបស់រដ្ឋបាលសាលារៀន៖ ត្រូវធ្វើអធិការកិច្ចផ្ទៃក្នុង និងការប្រជុំបច្ចេកទេស ហើយគណៈគ្រប់គ្រងនិងគ្រូបង្រៀនត្រូវបានទទួលការហ្វឹកហាត់សមត្ថភាពជាប្រចាំ។

ទី៥៖ គណនេយ្យភាពរបស់សាលា៖ គ្រូបង្រៀនត្រូវគោរពតាមក្រមសីលធម៍ វិជ្ជាជីវៈ ត្រូវបង្រៀនគ្រប់ម៉ោងតាមកម្មវិធីសិក្សាដែលបានកំណត់ ហើយអង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពិនិត្យសាលារៀន ជួយគាំទ្រ និងផ្តល់ការហ្វឹកហាត់ប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រដល់លោកគ្រូ អ្នកគ្រូ។

បន្ថែមពីនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមរាជរដ្ឋាភិបាល ក៏បានស្នើរដល់អាណាព្យាបាលទាំងអស់ ចូលរួមឱ្យកាន់តែសកម្មក្នុងការអប់រំកូនចៅឱ្យមានចរិយាសម្បត្តិល្អឱ្យសក្តិសមជាកុលបុត្រខ្មែរ ដែលមានអរិយធម៍ខ្ពង់ខ្ពស់ មានគុណធម៍ សីលធម៍ និងសុជីវធម៍ ព្រមទាំងដឹងគុណូបការៈចំពោះលោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្រៀនកូនខ្មែរឱ្យមានចំណោះដឹង ជំនាញសមត្ថភាព និងទេពកោសល្យផងដែរ៕