(ព្រះសីហនុ)៖ លោក សេង សក្តា ប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាល នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានចុះផ្សព្វផ្សាយពី គោលនយោបាយរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព សុវត្ថិភាពចរាចរណ៍ លើមធ្យោបាយដឹកជញ្ជូនរបស់កម្មករ និយោជិត ព្រមទាំងបានបញ្រ្ជាបពីអត្ថប្រយោជន៍នៃគោលនយោបាយនេះ ដល់កម្មករ និយោជិតឱ្យបានយល់ច្បាស់ផងដែរ។
ការចុះផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក ជាវ ប៊ុនរិទ្ធ ប្រធានការិយាល័យគោលនយោបាយ, ប្រធានសាខា ប.ស.ស ខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ មន្រ្តីរាជការខេត្តជាច្រើននាក់។
លោក សេង សក្តា បានថ្លែងឱ្យដឹងថា ដើម្បីធានាសុខដុមនីយកម្ម ជូនកម្មករ និយោជិត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំដំណាក់កាល នៃការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព នៅឆ្នាំ២០១៦នេះ ដែលត្រូវផ្តើមចេញពីរោងចក្រ សហគ្រាស ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងកំពង់ស្ពឺ ជាមុនសិន បន្ទាប់មកនឹងបន្តទៅខេត្តដទៃ នៅទូទាំងប្រទេសកម្ពុជា។
លោកបានបន្ថែមថា បេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ បាននឹងកំពុងរៀបចំដាក់ឱ្យអនុវត្តរបបសោធននិវត្តន៍ (ប្រាក់រឺត្រែត) ក្នុងឆ្នាំ២០១៧ ដែលជាគោលដៅលើកកម្ពស់សិទ្ធិមនុស្ស និងគាំពារជីវភាពកម្មករ និយោជិត នៅពេលធ្លាក់ខ្លួនចាស់ជរា ធ្វើការលែងកើត ហើយនេះក៏ជាយុទ្ធសាស្ត្រចម្បងមួយ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ជាមួយគ្នានេះ លោក ជាវ ប៊ុនរិទ្ធ ក៏បានលើកឡើងផងដែរថា អត្ថប្រយោជន៍របស់បេឡាជាតិរបបសន្តិសុខសង្គម មាន៣ចំណុចសំខានៗ រួមមាន៖ ទី១.ការផ្តល់ជូនការធានារ៉ាប់រង ពេលកម្មករ-កម្មការិនី មានគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ, ទី២.ការផ្តល់នូវរបបថែទាំសុខភាព សម្រាប់កម្មករ និយោជិត ពេលមានជម្ងឺ, និងទី៣.ការផ្តល់ជូននូវរបបប្រាក់សោធននិវត្តន៍ ពេលគាត់ចាស់ជរា ឬពេលមានជំងឺ៕