(ប៉ៃលិន)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្សព្វផ្សាយនូវយុទ្ធសាស្ត្រអាទិភាពទាំង៤របស់ក្រសួង ដល់មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ព្រមទាំងជំរុញឱ្យមានការចូលរួមអនុវត្តឱ្យបានសកម្ម ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

ការផ្សព្វផ្សាយនេះធ្វើឡើងក្នុងឱកាសលោក ឆាយ ឫទ្ធិសែន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន។

លោករដ្ឋមន្ត្រីបានលើកឡើងថា ដើម្បីចូលរួមចំណែកសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្រសួងអភិវឌ្ឍន៍ជនបទបានខិតខំសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជននៅជនបទប្រកបដោយចីរភាពទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងមានយុទ្ធសាស្ត្រអាទិភាពចំនួន៤ គឺ៖

ទី១៖ អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធរូបវន្ត និងគមនាគមន៍ ដោយខិតខំលើកកម្ពស់កម្រិតផ្លូវពីផ្លូវក្រាលក្រួសក្រហមឱ្យទៅជាផ្លូវសក្រាលកៅស៊ូ និងផ្លូវបេតុង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានសេវាសាធារណៈគ្រប់រដូវកាល និងបែងចែកកំណើនសេដ្ឋកិច្ចទៅដល់តំបន់ជនបទ។

ទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅឱ្យប្រជាជនជនបទរស់នៅមានឥរិយាបថល្អ រស់នៅមានសុខភាពល្អ និងអនាម័យ ព្រមទាំងផាសុកភាព។

ទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។

ទី៤៖ ពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

លោករដ្ឋមន្រ្ដីបានបន្តផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនថា ទន្ទឹមនឹងសមិទ្ធផល និងស្នាដៃដែលធ្លាប់មានកន្លងមក ត្រូវបន្តបង្កើនស្នាដៃបន្ថែមទៀត ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនត្រូវខិតខំបំពេញតួនាទីជាសេនាធិការបច្ចេកទេសឱ្យល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារវិស័យអភិវឌ្ឍន៍ជនបទកាន់តែល្អប្រសើរឡើង។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនត្រូវត្រួតពិនិត្យរបបប្រជុំប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំឱ្យបានទៀងទាត់ ដើម្បីវាយតម្លៃការងារ ដោយយកគោលការណ៍សមូហភាពជាធំ។

ចំណែកថ្នាក់ដឹកនាំមន្ទីរត្រូវមានការលើកទឹកចិត្តដល់មន្ត្រីរាជការគ្រប់សកម្មភាពការងារតាមរយៈការដំឡើងឋានៈ តួនាទី កាំប្រាក់ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីមន្ទីរមានភាពជោគជ័យ ក្នុងនោះត្រូវយកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។ ត្រូវបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មានក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានទូលំទូលាយដល់មហាជន៕