(កំពង់ឆ្នាំង)៖ លៀសចំនួនជាង៥តោន ដឹកតាមរថយន្តកែច្នៃមួយគ្រឿង រួមទាំងទូកឈើដឹកជញ្ជូនលៀស១គ្រឿងទៀត ត្រូវបានសង្កាត់រដ្ឋបាលជលផលបរិបូរណ៍ សហការជាមួយអធិការរដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាបបង្ក្រាបបាននៅចណុចជើងកំពង់ឆ្នុកទ្រូ ក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ កាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ម្សិលមិញនេះ។

លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានឱ្យដឹងផងដែរថា ការចាប់រថយន្តដឹកលៀស និងទូកឈើដឹកជ ញ្ជូនលៀសទាំងពីរគ្រឿង និងលៀសចំនួនជាង៥តោនខាងលើនេះ ដោយសារតែពុំមានច្បាប់អនុញ្ញាតក្នុងការដឹកជញ្ជូន។

លោកបានបញ្ជាក់ថា បច្ចុប្បន្នទូកដឹកលៀស រថយន្តនិងលៀស ត្រូវបានយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលជលផលបរិបូណ៌ជាបណ្ដោះអាសន្ន ដើម្បីអនុវត្តតាមនីតិវិធី។

លោកបានបញ្ជាក់ទៀតថា នៅថ្ងៃនោះផងដែរ សង្កាត់រដ្ឋបាលជលផលកំពុងត្រឡាច ក៏បានសហការជាមួយសហគមន៍នេសាទភូមិព្រែកគន្លង និងសហគមន៍កំពង់ក្តារ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេ សាទការដាក់របាំងស្បៃមុង និងការប្រើឧបករណ៍របាំងសាច់អួនវែងៗនៅចំណុចភូមិខ្លាក្រហឹម ចំណុចភូមិបែកចាន និងចំណុចភូមិក្អែកពង ជាលទ្ធផលមន្ត្រីជំនាញ និងសហគមន៍បានរុះរើ និងបំផ្លាញចោលនូវរបាំងស្បៃមុងចំនួន៧កន្លែង ប្រវែង២៨០ម៉ែត្រ លបលូស្បែមុងចំនួន ៧គ្រឿង, បង្គោលចំនួន៩០ដើម និងចាក់លែងកូនត្រូវចម្រុះប្រមាណជា៣០គីឡូក្រាម ចូលទៅក្នុងដែននេសាទវិញផងដែរ។

ដោយឡែកនៅថ្ងៃដដែលនោះដែរ លោកផ្ទាល់ និងក្រុមការងារសរុបចំនួន២៥នាក់ បានចូលរួមប្រជុំពង្រឹងការងារអធិការកិច្ចនៅតំបន់បឹងទន្លេសាប ក្រោមការដឹកនាំប្រជុំដោយលោក ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយបានរៀបចំនូវផែនការសំខាន់ៗក្នុងការងារយាមល្បាត និងកិច្ចការពារដីព្រៃលិចទឹកតំបន់៣ដែលបានដកហូតពីប្រជាពលរដ្ឋ ត្រូវពង្រឹង និងការពារដោយឃ្លាំមើលពីសកម្មភាពការចូលទន្ទ្រាន និងអាស្រ័យផលពីសំណាក់ជនខិលខូចនៅក្នុងរដូវសម្រកខាងមុខនេះ។

កិច្ចប្រជុំក៏បានដាក់ចេញនូវផែនការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសជលផលគ្រប់ប្រភេទឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅលុបបំបាត់ឱ្យអស់នូវរាល់បទល្មើសនេសាទ និងត្រូវកំណត់មុខសញ្ញាជនល្មើសឱ្យបានច្បាស់ ដើម្បីយកមកអប់រំណែនាំកុំឱ្យពួកគាត់ប្រើប្រាស់នូវឧបករណ៍នេសាទខុសច្បាប់ដូចជារការដាក់បាំងស្បៃមុង និងរបាំងសាច់អួនក្រឡាញឹកដែលមានប្រវែងវែងៗដែលជាទង្វើខុសច្បាប់ជាបន្តទៀត៕