(សៀមរាប)៖ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលលេខាធិការក្រសួងការពារជាតិ បានដឹកនាំប្រតិភូអញ្ជើញចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ ប្រារព្ធធ្វើបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប ចំនួន ២៧៦គ្រួសារ។

បន្ទាប់ពីកិច្ចស្វាគមន៍របស់ឧត្តសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាបរួចមក មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះដែរ, នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចគិតិព្រឹទ្ធបណ្ឌិត, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នីតិកាលទី៧, សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកស្រី ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ សំខាន់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាបទាំងអស់ នៅក្នុងរដូវបុណ្យទានប្រពៃណីជាតិ ក៏ដូចពិធីបុណ្យជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈប្រតិភូក្រសួងការពារជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែចុះមកសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិការ បាត់បង់សុពលភាពការងារ និងយោធិននិវត្តន៍នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការក៏ដូចនៅតាមបណ្តាកងពល និងអង្គភាពផងដែរ។ 

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានលើកឡើងថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្មី អាណត្តិទី៧នេះ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតែដឹងគុណជានិច្ចចំពោះវីរៈភាព អង់អាចក្លាហាន របស់បងប្អូនជនពិការ ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក្នុងអំឡុងសម័យសង្គ្រាម។ យើងគ្រប់រូបត្រូវដឹងគុណស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបតិ្តករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ បានធ្វើឱ្យប្រទេសកម្ពុជា ប្រែមុខមាត់ថ្មី និងមានសន្តិភាពពេញលេញ គឺដោយមានការចូលរួមពីអតីតយោធិន មិនតែប៉ុណ្ណោះយុទ្ធមិត្តរួមអាវុធក៏បានលះបង់ឈាមស្រស់ សាច់ស្រស់ រហូតមកដល់ពេលនេះ យោធិនខ្លះ បានបាត់បង់សមត្ថភាពការងារ ខ្លះទៀតដល់អាយុកាលចូលនិវត្តន៍ និងខ្លះក្លាយជាពិការដោយសារសង្គ្រាមផងដែរ។

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង ក៏បានកោតសរសើរ ចំពោះវីរភាពបងប្អូនយោធិនពិការទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ ការលះបង់ និងពលិកម្មគ្រប់បែបយ៉ាង ក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាពធ្វើឱ្យប្រជាជនរស់ក្នុងសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។ 

នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាព ដោយបានដាក់ចេញ និងអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់បងប្អូន យោធិនពិការ សំដៅធ្វើយ៉ាងណាជួយដល់បងប្អូនយោធិនពិការ និងក្រុមគ្រួសារឱ្យទទួលបានកិត្តិយស, សេចក្តីថ្លៃថ្នូរគុណភាពជីវិតល្អប្រសើរ, គ្មានការរើសអើង និងទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយភាពអនុគ្រោះ។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណ និងកោតសសើរ ចំពោះអង្គភាព នាយទាហាន និងពលទាហាន យោធិនពិការគូលេន៣១៧សៀមរាប  ដែលរក្សាបាននូវប្រពៃណី សីលធម៌ អត្តចរិក និងវិន័យរបស់កងយោធពលខេមរភូមិន្ទ ដោយកន្លងមកពុំដែល ធ្វើអំពើអ្វីមិនសមរម្យ បង្កការលំបាកដល់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយឡើយ។

នាយឧត្តមសេនីយ៍ បានផ្ដាំផ្ញើដល់ បងប្អូនយោធិនពិការទាំងអស់គ្នា និងក្រុមគ្រួសារត្រូវមានការប្ដេជ្ញាចិត្តខ្ពស់ និងមានសង្ឃឹមក្នុងជីវិតរស់នៅរបស់ខ្លួន ហើយត្រូវខិតខំចូលរួមកសាងសេដ្ឋកិច្ចគ្រួសារ ដើម្បីលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ។ ត្រូវចូលរួមក្នុងចលនាភូមិ.ឃុំ មានសុវត្ថិភាព ដោយលុបបំបាត់រាល់អំពើខុសច្បាប់នានាឱ្យអស់ពីមូលដ្ឋាន ដើម្បីឲ្យមានសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

ក្នុងនោះដែរ នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បាននាំយកអំណោយលោក ទៀ សីហា និងលោកស្រី បានប្រគល់ជូនថវិកាចំនួន៣លានរៀល សម្រាប់ប្រើប្រាស់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប និងគ្រួសារ យោធិនពិការ និងព្រះសង្ឃ សរុប៣០៦អង្គ/នាក់ ក្នុងមួយអង្គ/នាក់ ប្រគេន និងទទួលបាន ត្រីខ មី ស្ករស ទឹកដោះគោ និងថវិកា៣ម៉ីនរៀលផងដែរ៕