(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា យ៉ាងហោចណាស់ ១០ឆ្នាំខាងមុខទៀត សាលារដ្ឋនឹងទំនើប ខណៈវិន័យសិស្សនឹងកាន់តែល្អ បើការកែទម្រង់ដែលរាជរដ្ឋាភិបាលដាក់ចេញ ត្រូវបានអនុវត្តន៍ខ្ជាប់ខ្ជួន។ សម្តេចធិបតី ថ្លែងបែបនេះនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ពេលអញ្ជើញជាអធិបតីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦។

យោងតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលត្រូវបានដាក់ចេញដោយរាជដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានឲ្យដឹងថា បញ្ចកោណទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ដែលរួមមាន៖ ១៖ ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា; ២៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស; ៣៖ ការលើកកម្ពស់សុខភាព និង សុខុមាលភាពប្រជាជន; ៤៖ ការពង្រឹងប្រព័ន្ធគាំពារសង្គម និង ប្រព័ន្ធស្បៀង; និង ៥៖ ការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌, សមធម៌ និង បរិយាបន្ន។

បើតាមប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នៅតាមសាលារៀនរដ្ឋ ដែលល្អទាំងផ្នែកចំណេះដឹង និងសីលធម៌នោះ គឺសាលានោះមានម៉ោងជួបជាមួយឪពុកម្តាយសិស្ស និងការអប់រំសីលធម៌ទៀតផង។ សម្តេចធិបតី ក៏ចង់ឲ្យយកពេល ២ថ្ងៃក្នុងមួយសប្តាហ៍ នាំសិស្សចូលរួមធ្វើកិច្ចការសង្គម។

សម្ដេចធិបតី បានជំរុញក្រសួងអប់រំ នាយកសាលា និងគណៈគ្រប់គ្រងសាលារៀន ត្រូវចេះកែច្នៃសាលារៀនដែលមានស្រាប់ ឲ្យមានគុណភាពខ្ពស់ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២ ហើយសម្តេចរំពឹងថា ចាប់ពីអាណត្តិទី៧ សាលារៀនរដ្ឋទាំងអស់ នឹងមានគុណភាពអប់រំខ្ពស់ និងសិស្សមានវិន័យកាន់តែល្អ ដោយមិនមានការបែងចែកសាលារៀនល្អ ឬមិនល្អឡើយ។ សម្តេចធិបតី បានលើកឡើងថា មិនចាំបាច់ទាល់តែបង្កើតសាលារៀនជំនាន់ថ្មីទូទាំងប្រទេស ដែលត្រូវចំណាយច្រើនទេ ឲ្យតែមានការអនុវត្តខ្ជាប់ខ្ជួននូវអ្វី ដែលរាជរដ្ឋាភិបាលបានដាក់ចេញ សាលារដ្ឋនឹងមានគុណភាពទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «យើងនៅក្រ កុំទាល់តែរដ្ឋដាក់លុយទៅទើបបង្កើតកម្មវិធី។ ច្នៃអ្វីដែលមានស្រាប់ យកទឹកចិត្ត យកផ្នត់គំនិត និងយកទឹកចិត្ត ដែលយើងមានទៅច្នៃអ្វីនៅក្នុងដៃ ឲ្យចេញជារូបរាង ខ្ញុំថាកម្មវិធីដែលយើងច្នៃ មិនប៉ះពាល់ដល់ប្រយោជន៍សិស្សទេ មានតែជួយទៅវិញ។ អញ្ចឹង ខ្ញុំជឿថា នឹងជោគជ័យ ប៉ុន្តែត្រូវមានការចូលរួមពីលោកគ្រូអ្នកគ្រូ ពីនាយក ពីឪពុកម្តាយ ពីសហគមន៍ ហើយយើងនឹងអនុវត្តន៍គម្រោងនេះ ហើយយើងនឹងខិតខំ។ អញ្ចឹងវិស័យអប់រ បើយើងធ្វើអាហ្នឹងបាន ១០ឆ្នាំទៀត សាលារដ្ឋយើងគឺជាសាលាទំនើបកម្ម និងវិន័យសណ្តាប់ធ្នាប់កូនយើងកាន់តែរឹងមាំ ដែលនេះជាគន្លឹះ២ ដែលខ្ញុំដាក់ចេញក្នុងវិស័យអប់រំ ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២»

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាណាព្យាបាល និងគ្រូបង្រៀន ត្រូវបង្កើតទំនាក់ទំនងជាមួយគ្នា ដើម្បីតាមដានការសិក្សារបស់កូន។ សម្តេចធិបតី ប្រកាសដាក់ឲ្យប្រើប្រាស់និយាមសាលាគំរូ ដើម្បីពង្រឹងគុណភាពអប់រំ និងលើកកម្ពស់ឥរិយាបថសិស្ស៕