(ស៊ីដនី)៖ បវរកញ្ញាពិភពលោករបស់អូស្ត្រាលីប្រចាំរដ្ឋ Queensland ដែលបានឡើង ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ បានបាត់បង់ជីវិត ហើយដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ដោយសាររថយន្តពីរគ្រឿង បុកគ្នារួចក៏ក្រឡាប់ផ្ងាជើងលើផ្លូវ ដោយក្នុងនោះ អ្នកទេសចរបារាំងពីររូបទៀត ក៏បានបាត់បង់ជីវិតផងដែរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០១៦។
បវរកញ្ញាឆ្នាំ ២០១៦ ខាងលើនេះមានឈ្មោះថា Elyse Miller-Kennedy មានវ័យទើបតែ ១៧ឆ្នាំប៉ុណ្ណោះ។ ក្រោយពី ទទួលរងគ្រោះថ្នាក់ចរាចរណ៍នោះ នាងត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ អស់រយៈពេលមួយសប្តាហ៍ ប៉ុន្តែ ដោយសារអការៈរបួសធ្ងន់ធ្ងរពេក នៅត្រង់ក្បាល ដើមទ្រូង និងដងខ្លួននោះ នាងក៏បានស្លាប់នៅពេលរំលងអធ្រាត ឈានចូលថ្ងៃ សុក្រ ទី១២ ខែសីហា នេះតែម្តង។
ជុំវិញការទទួលមរណភាពនេះ ជ័យលាភីបវរកញ្ញារបស់អូស្ត្រាលី ដែលនឹងត្រូវឡើងទៅប្រកួតលំដាប់ពិភពលោក នាង Madeline Cowe បានលើកឡើងថា «នាងជានារីដ៏ស្រស់ស្អាតណាស់ ដែលគួរឲ្យភ្ញាក់ផ្អើលទាំងខាងក្នុងនិងខាងក្រៅ ហើយនាងគួរតែអាចធ្វើអ្វីផ្សេងពីនេះ ដែលនាងចង់ធ្វើ»។ ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបាន ប៉ូលិសអះអាងថា ទំនងជាបានកើតឡើងដោយសារ ជនជាតិបារាំងទាំងពីរនាក់នោះ បើកបរបញ្ច្រាសផ្លូវ៕