(ភ្នំពេញ)៖ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការដោយប្រកាសសាលក្រមសម្រេចផ្តន្ទាទោសលើមេឧក្រិដ្ឋជនគ្រឿងញៀន ជនជាតិឡាវម្នាក់ ដែលបានដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជិត៧គីឡូក្រាម នៅកម្ពុជាដោយសម្រេចដាក់ពន្ធនាគារអស់មួយជីវិត។ សាលក្រមនេះ តុលាការបានដំណើរការប្រកាសនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ ដោយលោក ស៊ិន សុវណ្ណរត្ន័ ប្រធានក្រុមប្រឹក្សានៃចៅក្រមជំនុំជម្រះ។

សាលក្រមសម្រេចផ្តន្ទាទោសលើមេឧក្រិដ្ឋជនគ្រឿងញៀនរូបនេះដែរ គឺធ្វើឡើងបន្ទាប់ពីតំណាងអយ្យការលោក ឆាយ ហុង បានសម្រេចចោទប្រកាន់ឈ្មោះ មួ ជួ (MOUA CHOUA) អាយុ៤២ឆ្នាំ ជនជាតិឡាវ ពីបទជួញដូរដោយខុសច្បាប់នូវសារជាតិញៀន និងបទសម្អាតប្រាក់ ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានបញ្ជូនខ្លួនបុរសជនជាតិឡាវម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការតាម ផ្លូវច្បាប់ជាប់ពាក់ព័ន្ធការដឹកជញ្ជូន និងជួញដូរគ្រឿងញៀនចំនួន ជិត៧គីឡូក្រាម៕