(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញលើកទឹកចិត្តដល់អាជីវករសាលារៀននានាគួរលក់ដូរ ឬផ្ដល់អាហារដែលផ្ដល់ប្រយោជន៍ចំពោះសុខភាពរបស់សិស្សានុសិស្ស ជៀសវាងការលក់នំចំណីដែលអាចប៉ះពាល់ដល់សុខភាព។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាកម្ពុជា។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់អាជីវករលក់ដូរនៅតាមសាលាគួរលក់ដូរអាហារដែលផ្ដល់ប្រយោជន៍ចំពោះសុខភាព ជៀសវាងការលក់នំចំណីដែលអាចប៉ះពាល់ដល់សុខភាពរបស់សិស្សានុសិស្ស។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «អាហារខ្លះអាចប៉ះពាល់ដល់កុមារតាំងពីក្មេងៗទៅ ដល់ពេលអាយុច្រើនបន្តិចនឹងលេចឡើងនូវជំងឺក្នុងខ្លួនណាមួយ ដូចជាជំងឺទឹកនោមផ្អែមជាដើម ដូច្នេះត្រូវគិតគូរតាមគោលការណ៍ស្ម័គ្រចិត្តនៅតាមសាលានីមួយៗ»

សម្ដេចធិបតីនាយករដ្ឋមន្ត្រីក៏បានជំរុញដល់ក្រសួងអប់រំ យុវជន និងកីឡាត្រូវពង្រីកវិសាលភាព «កម្មវិធីអាហារូបត្ថម្ភ» ដែលរាជរដ្ឋាភិបាលជាអ្នករៀបចំឱ្យបានគ្របដណ្ដប់លើសាលាកាន់តែច្រើនថែមទៀត ដើម្បីចូលរួមគាំពារសុខភាពរបស់សិស្សានុសិស្សនៅប្រទេសកម្ពុជា ខណៈគម្រោងនេះបាននិងកំពុងអនុវត្តតាំងពីឆ្នាំ២០១០មក៕