(ភ្នំពេញ)៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានថ្លែងថា ការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព គឺជាកត្តាសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា។

ការថ្លែងបែបនេះ របស់លោក Patrick Murphy គឺនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៤ តុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។

ជាមួយគ្នានេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ដែលមានកន្លងមកលើកិច្ចការពារសត្វព្រៃ Mekong US និង ព្រៃឡង់បៃតង ហើយលើសពីនេះសហរដ្ឋអាម៉េរិកបានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការបន្ត លើការអភិវឌ្ឍអនាគតបៃតង(Green future) តំបន់ជុំវិញបឹងទន្លេសាប និងវេទិកានៃកិច្ចប្រជុំកំពូលស្តីពី ការប្រែប្រួលអាកាសធាតុ (Cambodia Climate Summit) ដែលរៀបចំនៅខែវិច្ឆិកាខាងមុខ។

ឯកអគ្គរដ្ឋទូតអាមេរិករូបនេះ បានបន្តថា សហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទានច្រើនជាងគេដល់មូលនិធិអាកាសធាតុបៃតង ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ដែលមានកម្ពុជាផងដែរ។ បន្ថែមពីនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានស្នើសុំលោករដ្ឋមន្រ្តីស្វែងយល់ពីការងារអាទិភាពរបស់ក្រសួងបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត ឆ្លើយតបនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានរួមចំណែកក្នុងការពារធនធានធម្មជាតិ និងកិច្ចសហការទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល។

លោករដ្ឋមន្រ្តីបានជម្រាបពីការងារអាទិភាពដែលក្រសួងបានដាក់ចេញ គឺទី១៖ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានការចូលរួមពីសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយជាង ១.៤លាននាក់។ កត្តានេះជាជោគជ័យមួយឈានឆ្ពោះទៅការគ្រប់គ្រងសំណល់ដោយប្រសិទ្ធិភាព, ទី២៖ គឺការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីឈានឆ្ពោះទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាពប្រជាសហគមន៍ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង និងទី៣៖ គឺចូលរួមជាមួយដៃគូអន្តរជាតិដោះស្រាយបញ្ហាសកល ដែលយកចិត្តទុកដាក់ជាចម្បងទៅលើការប្រែប្រួលអាកាសធាតុ៕