(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជំរុញដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលឈរជើងការពារនៅតាមបណ្ដាគោលដៅនានា ត្រូវចូលរួមសហការការពារទីតាំងដែលកើតមានបទល្មើស ដើម្បីបង្កលក្ខណៈងាយស្រួលដល់កិច្ចប្រតិបត្តិការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ។

ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៥៣ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា នៅពេលមានបទល្មើសកើតឡើងនៅទីតាំងណាមួយ ប្រសិនបើកិច្ចការពារកន្លែងកើតហេតុ មិនបានល្អត្រឹមត្រូវនោះទេ នឹងបង្កការលំបាកដល់ប្រតិបត្តិការនៃការស្រាវជ្រាវស៉ើបអង្កេត។

លោកប្រធាននាយកដ្ឋាន បានលើកឧទាហរណ៍ជាក់ស្ដែង នូវករណីប្លន់ធនាគារមួយនៅរាជធានីភ្នំពេញ ដែលបានកើតឡើងកាលពីប៉ុន្មានឆ្នាំមុន នៅពេលសមត្ថកិច្ចស្រាវជ្រាវពិនិត្យស្នាមម្រាមដៃនៅកន្លែងកើតហេតុ គឺឃើញតែស្នាមម្រាមដៃបុគ្គលិកធនាគារ និងភ្នាក់ងារសន្ដិសុខដែលយាមកាមប៉ុណ្ណោះ ដូច្នេះហើយការងារនេះត្រូវតែមានការចូលរួមពីភ្នាក់ងារសន្ដិសុខឯកជន ដែលឈរជើងជាប់នៅកន្លែងនោះតែម្ដង។

លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានលើកឡើងថា នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗ ដែលកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន, វិធីសាស្រ្តការពារគោលដៅ, ច្បាប់ចរាចរណ៍ផ្លូវគោក, របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច, ការស្វែងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ, វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម។

លោកបន្ថែមថា វិស័យសន្តិសុខឯកជន គឺជាវិស័យមួយ ដែលបានរួមចំណែកក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងន័យនេះ ដើម្បីឲ្យវិស័យសន្តិសុខឯកជន មានភាពរីកចំរើន និងប្រកបដោយគុណភាព ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជានិច្ច ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលមានចក្ខុវិស័យយ៉ាងម៉ត់ចត់ ក្នុងគោលបំណងជំរុញឲ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើនដើម្បីចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់សាធារណៈ និងសង្គមឲ្យបានល្អប្រសើរ។

ជាពិសេសបានដើរតួនាទីយ៉ាងសំខាន់ ជាកម្លាំងជំនួយដល់កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។ ការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះ ពិតជាមានសារៈសំខាន់ណាស់ ដែលធ្វើឲ្យភូមិ-ឃុំ-សង្កាត់ មានសន្តិសុខ សុវត្ថិភាព ពិសេសគ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន និងល្បែងស៊ីសងខុសច្បាប់ ទើបធ្វើឲ្យយើងរស់នៅបានសុខដុមរមនា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងម្ចាស់សហគ្រាសគ្រឹះស្ថាន ដែលតែងតែចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជន មកទទួលការបំពាក់បំប៉នជំនាញ ភ្នាក់ងារសន្តិសុខឯកជន ឲ្យមានវិជ្ជាជីវៈច្បាស់លាស់។ ការបំពាក់បំប៉ននេះ ពិតជាមានសារៈ សំខាន់ណាស់សម្រាប់ភ្នាក់ងារសន្តិសុខឯកជន ឲ្យយល់ដឹងច្បាស់ពីតួនាទីភារកិច្ច និងច្បាប់ ដែលត្រូវអនុវត្តជាប្រចាំថ្ងៃ ហើយលោករំពឹងថា ក្រុមហ៊ុននឹងបន្ដសហការលើការងារនេះបន្ដទៀត៕