(ភ្នំពេញ)៖ នាយឧមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ បានថ្លែងឲ្យដឹងថា ៦ខែដើមឆ្នាំ២០១៦នេះ អត្រាគ្រោះថ្នាក់ដោយសារមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះពីសង្រ្គាម មានត្រឹមតែ៤៩នាក់ប៉ុណ្ណោះ ហើយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាទៅនឹង៦ខែដើមឆ្នាំ២០១៥ មានការថយចុះ១៨នាក់។
ការថ្លែងរបស់នាយឧត្តមសេនីយ៍ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តរបស់គណៈបញ្ជាការ គ.អ.ម.ផ (២០១៧-២០១៩) និងសេចក្ដីសម្រេចស្ដីពីការកែសម្រួលសមាសភាពគណៈបញ្ជាការ និងលេខាធិការដ្ឋាននៃគណៈបញ្ជាការ គ.អ.ម.ផ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ។ នេះបើយោងតាមចេញផ្សាយរបស់គេហទំព័រ ផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានចេញផ្សាយមុននេះបន្ដិច។
លោក សួស អង្គារ៍ បានបញ្ជាក់ថា អ្នករងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានការថយចុះ គួរឲ្យកត់សម្គាល់ដែលនេះ ដោយមានការសហការឧបត្ថម្ភ គាំទ្រយ៉ាងសកម្ម ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ រួមមានអជ្ញាធរមីនកម្ពុជា (CMAA) មជ្ឈមណ្ឌលសកម្មភាពមីន (CMAC) ប្រតិបត្តិករ កម្ចាត់មីន និងអង្គការជាតិ និងអន្តរជាតិមួយចំនួនទៀត។
ជាចុងបញ្ចប់ នាយឧត្តសេនីយ៍ ក៏បានបញ្ជាក់ដល់ អង្គភាពនានាត្រូវគ្រប់គ្រងអាវុធខ្លី វែង និងគ្រាប់ ក្នុងអង្គភាពរបស់ខ្លួន ឲ្យបានត្រឹមត្រូវច្បាស់លាស់ និងទៅតាមនីតិវិធី ជាពិសេស លិខិតបេសកកម្ម ដែលមានជាប់អាវុធ និងប័ណ្ណសម្គាល់សិទ្ធិប្រើប្រាស់អាវុធ៕