(ភ្នំពេញ)៖ ជនសង្ស័យចំនួន៣នាក់ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ មួយកន្លែងដើម្បីប៉ុនប៉ងលួចទ្រព្យសម្បត្តិ ខណៈដែលពុំទាន់លួចបានផងស្រាប់តែត្រូវកម្លាំងល្បាតនគរបាលខណ្ឌឫស្សីកែវ សហការនិងកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ បង្ក្រាបទាន់ពេលនៅវេលាម៉ោង១៖៤៥នាទីយប់ ឈានចូលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះលក់ដូរគ្មានលេខផ្លូវបេតុងក្រុម១៣ ភូមិទួលសង្កែ ខណ្ឌឫស្សីកែវ។
លោក មៅ ចាន់ថុន នាយរងផ្នែកនគរបាលយុត្តិធម៌ ខណ្ឌឫស្សីកែវបានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីកម្លាំងល្បាត នគរបាលខណ្ឌឫស្សីកែវ និងកម្លាំងនគរបាលប៉ុស្ដិ៍ទួលសង្កែ បានបន្តយាមល្បាត ក្នុងភូមិសាស្ត្រក៏បានប្រទះឃើញបក្ខពួកជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង មកឈប់ឈរក្បែរផ្ទះជនរងគ្រោះ ដោយគួរសង្ស័យទើបធ្វើការឃាត់ដើម្បីសួរនាំ និងត្រួតពិនិត្យស្រាប់តែបែកធ្លាយមានបក្ខពួកម្នាក់ ទៀតបានគាស់ផ្ទះចូលទៅសំងំលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដោយបក្ខពួក២នាក់នៅរង់ចាំនៅខាងក្រៅ ខណៈនោះជនត្រូវសង្ស័យទាំង៣នាក់នៅពុំទាន់លួចបានសម្ភារផង ក៏ត្រូវកម្លាំងនគរបាលចាប់ក្របួចជាប់វាយខ្នោះភ្លាមៗតែម្ដង រួមទាំងដកហូតមធ្យោបាយធ្វើដំណើររបស់ជនសង្ស័យមានម៉ូតូ១គ្រឿងផងដែរ ម៉ាកធូដេពណ៌ប្រផេះគ្មានស្លាកលេខផងដែរ ។
លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា ជនសង្ស័យពាក់ព័ន្ធបទល្មើសចោរកម្មដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះហេង បញ្ញា ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាបុគ្គលិក ហាងចំប៉ីស ស្នាក់នៅផ្ទះលេខ២០១ ក្រុម៥ ទី២-ឈ្មោះដួង រតនា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរមិន ពិតប្រាកដស្នាក់នៅផ្ទះលេខ០៤៤ និងទី៣-ឈ្មោះសុង តុលា ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៨២ ក្រុម១០ ស្ថិតក្នុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ រឺឯជនរងគ្រោះមានឈ្មោះសុខ វណ្ឌី អាយុ៣៨ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ ស្នាក់នៅចំណុចកើតហេតុខាងលើ ។
សូមបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ ត្រូវបន្តឃុំខ្លួនសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំនុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕