(ភ្នំពេញ)៖ លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញដល់តំណាងសមាគម និងតំណាងក្រុមហ៊ុនទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការអប់រំណែនាំ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពដល់អ្នកបើកបររបស់ខ្លួន ដើម្បីឱ្យមានការយល់ដឹងបន្ថែមអំពី ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបើកបរដោយការប្រុងប្រយ័ត្នខ្ពស់។
លោក ឈួន វ៉ន់ បានជំរុញដូចនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារក្នុងវិស័យដឹកជញ្ជូនអ្នកដំណើរ និងទំនិញ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន តំណាងសមាគមដឹកជញ្ជូន រួមមាន៖ CAMBA, CAMTA, LOSCAB និង CLA តំណាងក្រុមហ៊ុនដឹកជញ្ជូនឯកជន ព្រមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
កិច្ចប្រជុំត្រូវបានរៀបចំឡើងដើម្បីពិនិត្យលើបញ្ហាប្រឈម ដែលបានជួបប្រទះកន្លងមក ក៏ដូចជាការលើកជាសំណូមពរ ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយរួមគ្នារវាងស្ថាប័នរដ្ឋ និងវិស័យឯកជន សំដៅលើកកម្ពស់សុវត្ថិភាពក្នុងវិស័យដឹកជញ្ជូនអ្នកដំណើរ និងទំនិញឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
បន្ថែមពីនេះលោក ឈួន វ៉ន់ ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ដែលមានបំណងចង់បណ្តុះបណ្តាលដល់អ្នកបើកបររបស់ខ្លួន អាចទាក់ទង និងសហការរៀបចំជាវគ្គបណ្តុះបណ្តាល ជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកផងដែរ។
គួរបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំនេះ បញ្ហាប្រឈម និងសំណូមពរមួយចំនួនត្រូវបានដោះស្រាយ និងមួយចំនួនទៀត ត្រូវបានទទួលយកទៅពិនិត្យពិភាក្សាបន្ថែម ជាមួយស្ថាប័នពាក់ព័ន្ធផងដែរ៕