(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថានជាប្រចាំ ដើម្បីសុខភាពរបស់ខ្លួនយើង ។

លោក ជា វ៉ាន់ចាន់ បានថ្លែងក្នុងការប្រារព្ធទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ (ទេសចរណ៍ នឹងការវិនិយោគបៃតង) និងទិវាពិភពលោកស្អាតលើកទី៦ ឆ្នាំ២០០៣ក្នុងបរិវេណសួនស្ទឹងសែន ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

លោក ជា វ៉ាន់ចាន់ បានលើកឡើងថា ប្រធានបទឆ្នាំ២០២៣នេះ ពិតជាបានរំលេចកាន់តែច្បាស់ថែមទៀត ពីតួនាទី នៃវិស័យទេសចរណ៍ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការគិតគូដល់គំរូ នៃការវិនិយោគថ្មីដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និងចិរភាពកាន់តែប្រសើរ។

លោកបន្តថា ដើម្បីឲ្យការងារកាន់តែប្រសើរ ត្រូវបង្កើនការវិនិយោគដើម្បីវិបុលភាពរួម តាមរយៈការជំរុញបដិវត្តកម្មឌីជីថល នវានុវត្តន៍ និងសហគ្រិនភាព ក៏ដូចជាការបង្កើនការទាញយកផលប្រយោជន៍ ជាអតិបរមាពីវិស័យទេសចរណ៍ ធ្វើយ៉ាងណាធានាឲ្យបាននូវបរិយាបន្ន ក្នុងការបែងចែកផលប្រយោជន៍ ពីការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈភាពជាដៃគូចតុភាគីរដ្ឋ ឯកជន ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍ និងគាំទ្រដល់សកម្មភាពធុរកិច្ច សហគ្រាស មីក្រូ តូចនិងមធ្យម និងបុគ្គលបម្រើការងារក្នុងសេវា ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

លោក ជា វ៉ាន់ចាន់ បានថ្លែងអំណរគុណដល់មន្ត្រីរាជការប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកម្មវិធីទេសចរណ៍ពិភពលោក ដៃគូអភិវឌ្ឍក្នុងវិស័យទេសចរណ៍ទាំងអស់ ដែលផ្តល់កិច្ចសហការនិងជួយគាំទ្រក្រសួងទេសចរណ៍លើគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យទេសចរណ៍កម្ពុជា ពិសេសថែរក្សាបរិស្ថានឲ្យបានល្អ៕