(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើឲ្យកូរ៉េខាងជើងគោរពសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងវិលចូលតុចរចា ៦ភាគីឡើងវិញ ដើម្បីរក្សាសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ។
សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេចអនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងជើងប្រចាំនៅកម្ពុជា លោក Jang Yun Gon ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់ឲ្យដឹងនៅក្រោយជំនួបថា «ក្រោយពីការស្វាគមន៍ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យកូរ៉េខាងជើង ធ្វើយ៉ាងណាគោរពចំពោះសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានអំពាវនាវឲ្យមានការចរចារ៦ភាគីឡើងវិញ ជាពិសេសធ្វើយ៉ាងណាឲ្យមានការរក្សាសន្តិភាពក្នុងឧបទ្វីបកូរ៉េ»។
លោក កៅ គឹមហួន បន្ថែមថា «សម្តេចចង់ឃើញសន្តិភាព នៅឧបទ្វីបកូរ៉េនេះ ហើយអំពាវនាវឲ្យមានការចរចាឡើងវិញ ដែលនាំមកនូវសន្តិភាព និងស្ថេរភាព ក្នុងឧបទ្វីបកូរ៉េនេះ»។
លោក កៅ គឹមហួន មិនបានបញ្ជាក់ពីចម្លើយតបរបស់ឯកអគ្គរដ្ឋទូតកូរ៉េ ទៅលើសំណើនេះឡើយ។ សូមបញ្ជាក់ថា កម្ពុជា តែងតែងបាន ស្នើឲ្យកូរ៉េខាងជើង និងកូរ៉េខាងត្បូង មានការអត់ធ្មត់ ដើម្បីរក្សាស្ថេរភាព និងសន្តិភាព បញ្ចៀសការផ្ទុះសង្រ្គាមដាក់គ្នា។
បច្ចុប្បន្នបញ្ហាឧបទ្វីបកូរ៉េកំពុងកើនឡើងកម្តៅខ្លាំង រហូតធ្វើធ្វើឲ្យកូរ៉េខាងជើងបាញ់គ្រាប់មីស៊ីលជាថ្មី បន្ទាប់ពីកូរ៉េខាងត្បូង និងអាមេរិក រួមគ្នាពង្រាយប្រព័ន្ធការពារម៉ីស៊ីល THAAD។
ក្នុងជំនួបជាមួយសម្តេចតេជោ នាព្រឹកមិញនេះ លោក ចាន់ យុនហ្គុន បានថ្លែងថា ទំនាក់ទំនងកម្ពុជា និងកូរ៉េខាងជើង បានចាប់ផ្តើមឡើងតាំងពីសម័យសម្តេចព្រះបរមរតនកោដិមកម្ល៉េះ ហើយលោក ក៏បានកោតសរសើរប្រទេសកម្ពុជាថា ពិតជាមានការរីកចម្រើន និងអភិវឌ្ឍ ហើយការរស់នៅរបស់ប្រជាពលរដ្ឋ ក៏មានការរីកចម្រើនជាច្រើន ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ។
លោក Jang Yun Gon បានប្តេជ្ញា ខិតខំធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីមានការវិវឌ្ឍទៅមុខបន្ថែមទៀត៕