(សៀមរាប)៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃគង់នៅវត្តព្រលឹត ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ដើម្បីចូលរួមកាន់បិណ្ឌ ជាមួយបងប្អូនប្រជាពុទ្ធបរិស័ទនៅវេនទី៥ ដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់ដូនតាញ្ញាតិការទាំងប្រាំពីរសន្តាន និងកម្មាភិបាលដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះជាតិ ការពារកសាងអភិវឌ្ឍន៍ប្រទេស ដែលបានចែកឋានទៅកាន់លោកខាងមុខ ឲ្យបានរួចចាកផុតពីឧបាយភូមិទាំងឡាយ តាមរយៈព្រះសង្ឃជាស្រែបុណ្យ។

ពិធីនេះដែរ ក្រោមវត្តមានលោក តោ គឹមស៊ាន, លោកស្រី ស៊ុន សុវណ្ណនី សមាជិកក្រុមប្រឹក្សាខេត្ត, លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប តំណាងលោល ប្រាក់ សោភ័ណ អភិបាលខេត្ត និងលោក ស៊ិន ចាន់ថុល អភិបាលស្រុកពួក រួមជាមួយអស់លោកលោកស្រី ក្រុមការងារខេត្តចុះជួយស្រុក និងមន្ត្រីរាជការជាច្រើនចូលរួមផងដែរ។

សូមរំឭកថា ពិធីកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យប្រពៃណីដ៏ធំមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីធំៗផ្សេងទៀតរបស់ដូនតាខ្មែរ ដែលមានតាំងពីបុរាណកាលរហូតមកដល់សម័យបច្ចុប្បន្ននេះ។ ប្រជាជនខ្មែរតែងប្រារព្ធពិធីបុណ្យនេះ មិនដែលអាក់ខានម្តងណាឡើយដល់ពេលដល់រដូវកាល លើកលែងតែក្នុងរបបកម្ពុជាប្រជាធិបតេយ្យប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្ណោះ ដែលធ្វើឲ្យគ្រប់វិស័យធ្លាក់ដល់កម្រិតសូន្យ។

លោក អ៊ឹង គឹមលាង បានលើកឡើងថា ក្នុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក រដ្ឋបាលខេត្តរួមជាមួយមន្ត្រីអ្នកមុខអ្នកការតែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទេយ្យទាន និងថវិកា ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗ មិនដែលខកខាននោះឡើយ។

ជាក់ស្តែងឆ្នាំនេះ ទោះជាស្ថានភាពក្នុងរយៈពេលប៉ុន្មានថ្ងៃ ខេត្តសៀមរាប ស្រុកមួយចំនួនទទួលរងគ្រោះ ជំនន់ទឹកភ្លៀងយ៉ាងធ្ងន់បណ្តាលឲ្យប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ផលដំណាំ  យ៉ាងណាក៏ដោយ ក៏នៅតែបន្តចូលរួមកាន់បិណ្ឌ នៅតាមបណ្តាវត្តអារាមមិនដាច់នោះឡើយ។ ក្នុងគោលបំណងចូលរួមផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ដែលមានរយៈពេល១ត្រីមាស និង សមណសិស្សកំពុងសិក្សាក្នុងទីវត្តអារាមផងដែរ។

លោក អ៊ឹង គឹមលាង បានចាត់ទុកថា បុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ គឺជាបុណ្យធំជាងគេនៅក្នុងចំណោមបុណ្យផ្សេងៗទៀត ដែលប្រជាពុទ្ធបរិស័ទខ្មែរ កាន់ព្រះពុទ្ធសាសនា តែងតែចូលរួមអភិរក្ស ថែរក្សាមិនឲ្យបាត់បង់ប្រយោជន៍ ទុកសម្រាប់កូនចៅជំនាន់ក្រោយៗប្រតិបត្តិ។

លោកបានបន្តថា ជាការពិតណាស់ នៅក្នុងអំឡុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជារដូវវស្សាមានរលឹម ភ្លៀងផ្គរ ជោគជាំ តែងតែបង្កការលំបាកដល់ព្រះសង្ឃ ពេលធ្វើគោចរបិណ្ឌបាត្រ ដូចនេះហើយបានជាពុទ្ធបរិស័ទយើងបានបង្កើតកម្មវិធីវេនកាន់បិណ្ឌនេះឡើង មានរយៈពេល១៥ថ្ងៃ ទាំងថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្កភាពងាយស្រួលដល់ព្រះសង្ឃគ្រប់ទីវត្តអារាម។

ទាំងនេះដោយសារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍រីកចម្រើន ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រផងដែរ។ 

លោកបានបន្ដទៀតថា ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមអំពាវនាវដល់ប្រជាពុទ្ធបរិស័ទ ក្នុងរដូវវស្សានេះ គប្បីបង្កើនការប្រុងប្រយ័ត្ន អំពីគ្រោះទឹកជំនន់ដែលពេលថ្មីៗ។ លោកក៏បានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ អំពីបញ្ហាសុខុមាលភាពផ្ទាល់ខ្លួន និងធ្វើការដាំដុះឡើងវិញ ក្រោយពីទឹកសម្រក់ ដើម្បីបង្កើនជីវភាពឲ្យកាន់តែប្រសើរឡើង។

ជាមួយនេះដែរ គណៈអភិបាលខេត្តសៀមរាប ក៏បានប្រគេនទេយ្យទានមានគ្រឿងឧបភោគបរិភោគ ចំនួន១០មុខ និងបច្ច័យ ជាង៣លានរៀល បានវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងវត្តព្រលឹត សម្រាប់តំកល់ទុកក្នុងការកសាងក្នុងទីវត្ត ព្រមទាំងបានប្រគេននូវស្លាដក និងបច្ច័យមួយចំនួនដល់ព្រះសង្ឃផងដែរ៕