(កំពង់ស្ពឺ)៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានប្រាប់ពលរដ្ឋឲ្យនាំគ្នាដាំពោតក្រហម ខណៈក្រុមហ៊ុនផលិតចំណីសត្វស៊ីភី (CPF) ប្រមូលទិញប្រមាណ៥០ម៉ឺនតោន ក្នុងមួយឆ្នាំ។

លោកអភិបាលខេត្ត បានលើកឡើងបែបនេះ គ្រាដែលលោកដឹកនាំមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរស្រុកចុះពិនិត្យ ការប្រមូលផលពោតក្រហមរបស់ក្រុមហ៊ុន យេឡូហ្វៀល ស្ថិតក្នុងភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។

លោក វ៉ី សំណាង បានលើកឡើងថា ពលរដ្ឋទាំងអស់មិនគួរទុកដីឲ្យទំនេរចោលទេ គួរនាំគ្នាដាំដុះដំណាំគ្រប់ប្រភេទ ដើម្បីទាញយកប្រាក់ចំណូលបន្ថែមផ្គត់ផ្គង់គ្រួសារ។ មួយវិញទៀត ដំណាំពោតក្រហម កំពុងមានទីផ្សារល្អ មួយតោនអាចលក់បានតំលៃជាមធ្យម៨០ម៉ឺនរៀល ឬអាចលើសពីនេះ។ ហើយអ្វីដែលធ្វើឲ្យកសិករ អ្នកផលិតកាន់តែមានទំនុកចិត្តនោះ គឺមានក្រុមហ៊ុននៅចាំទទួលទិញ ដោយមិនឲ្យអ្នកផលិតធ្វើបានគ្មានទីផ្សារនោះទេ។

ជាមួយនោះដែរ អភិបាលខេត្តកំពង់ស្ពឺ  បានប្រាប់ក្រុមហ៊ុនស៊ីភីដែលទទួលទិញកសិផលពីកសិករ សូមរក្សាតំលៃ កុំទំលាក់ថ្លៃពេលពួកគាត់ធ្វើបាន។ ប្រការនេះ គឺដើម្បីជួយលើកទឹកចិត្តដល់អ្នកដាំ អ្នកផលិតឲ្យពួកគាត់ខិតខំបន្ត និយាយរួមអាចផលិតផ្គត់ផ្គង់តម្រូវការក្រុមហ៊ុន។ ហើយក្នុងនោះក្រុមហ៊ុនត្រូវងាកទៅប្រើប្រាស់ត្រូនកសិកម្មវិញ ដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃ ជំនួសការប្រើមនុស្សដែលនាំឲ្យប៉ះពាល់ដល់សុខភាព។

លោក កៅ តុលា ប្រធានបច្ចេកទេសដាំរបស់ក្រុមហ៊ុនស៊ីភី (CPF) បានឲ្យដឹងថា ក្រុមហ៊ុនបានធ្វើការដាំសាកល្បងលើផ្ទៃដី៣០០ហិកតា លើការគ្រោងទុក៣០០០ហិកតា ដោយដាំពោតក្រហមប្រភេទ៥០១។ នៅក្នុងគម្រោងសាកល្បងនេះ ក្នុងមួយហិកតាទទួលផលបាន៨តោនទៅជិត១០តោន គិតជាប្រាក់បានប្រមាណជិត៧លានរៀល៕