(ភ្នំពេញ)៖ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ របស់មន្រ្តី បុគ្គលិក នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្រោមប្រធានបទ «សង្គ្រោះជីវិត គឺបរិច្ចាគឈាមទាំងអស់គ្នា» ក្រោមអធិបតីភាពលោកវេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាល។

ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត សុខ ផេង បានសម្ដែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានមកចូលរួមក្នុងក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

លោកវេជ្ជបណ្ឌិតបានថ្លែងថា យើងមានតម្រូវការឈាមប្រមាណ៣០០ ប្លោកក្នុង១ ថ្ងៃនៅរាជធានីភ្នំពេញ និងប្រមាណ៣៥០ ប្លោកក្នុងទូទាំងប្រទេស។ លោកបន្ដថាការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃនេះ មានអត្ថន័យបំផុត ក្នុងគោលបំណង៣យ៉ាងសំខាន់គឺ៖

ទី១៖ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺយើង ជាពិសេសអ្នកជំងឺក្នុងរាជធានីភ្នំពេញ ដែលត្រូវប្រើប្រាស់ឈាមរហូតដល់ជាង៨០% ។

ទី២៖ ផ្តល់ឈាមប្រកបដោយសុវត្ថិភាព សម្រាប់សប្បុរសជនបរិច្ចាគឈាម និងអ្នកជំងឺទទួលឈាមផងដែរ។ ក្នុងករណីមានកង្វះឈាម ការដោះដូរឈាមអាចកើតឡើង តាមរយៈការបរិច្ចាគឈាមជំនួសដោយក្រុមគ្រួសារ បងប្អូន និងមិត្តភ័ក្ត ដែលជាហានិភ័យដល់សុវត្ថិភាពនៃការបរិច្ចាគឈាមសម្រាប់អ្នកផ្តល់ និងអ្នកទទួលឈាម។

ទី៣៖ ចូលរួមលុបបំបាត់ចំណុចអសកម្មនានា ដែលបណ្តាលមកពីកង្វះខាតនៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ ក្នុងករណីមានកង្វះឈាម អាចមានជនឱកាសនិយមមួយចំនួនតូច ឆ្លៀតឱកាសប្រព្រឹត្តអំពើអសកម្មលើការផ្គត់ផ្គង់ឈាមដល់ អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ។

លោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា «ការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃនេះ មានអត្ថន័យបំផុត ក្នុងគោលបំណងជួយសង្គ្រោះជីវិតអ្នកជំងឺបានទាន់ពេលវេលា។ ធានានូវការផ្តល់ឈាមប្រកបដោយសុវត្ថិភាព សម្រាប់សប្បុរសជនបរិច្ចាគឈាម និងអ្នកទទួលឈាមផងដែរ។ កាត់បន្ថយនូវហនិភ័យនៃការកង្វះឈាមបំរុង»។

ក្នុងឱកាសនោះលោក សុខ ផេង បានស្នើដល់មន្ដ្រីបុគ្គលិកនៃមជ្ឈមណ្ឌលគាំពារមាតា និងទារក បន្ដចូលរួមផ្ដល់ឈាមសង្គ្រោះជីវិតប្រជាពលរដ្ឋយើង ដែលត្រូវការឈាមដើម្បីរស់ និងបានកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់របស់មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដៃគូពាក់ព័ន្ធនានា ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការជួយសង្គ្រោះអ្នកជំងឺ និងប្រជាជនយើង។

ជាការឆ្លើយតប លោកស្រីវេជ្ជបណ្ឌិត គឹម រ័ត្ននា និងមន្ដ្រី បុគ្គលិក បានធ្វើប្ដេជ្ញាចិត្ដដើម្បីចូលរួមជាបន្ដបន្ទាប់ ក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ និងមិនគិតកម្រៃ ជួយដល់ប្រជាពលរដ្ឋយើងដែលត្រូវការឈាមជាចាំចាច់ ដើម្បីមានជីវិតរស់រានឡើងវិញ។

លោកស្រីក៏ថ្លែងអំណរគុណចំពោះមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែសម្របសម្រួលក្នុងផ្តល់ឈាមស្តុកបម្រុងមកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ក្នុងករណីដែលអ្នកជំងឺមិនមានសាច់ញាតិ ឬគ្មានបងប្អូន មិត្តភ័ក្រដែលអាចបរិច្ចាកឈាមបាន ហើយត្រូវការឈាមបន្ទាន់ ដូចជាករណីអ្នកជំងឺធ្លាក់ឈាមក្រោយសម្រាលអ្នកជំងឺវះកាត់បន្ទាន់ជាដើម។ ជាការពិតអ្នកជំងឺអាចរស់រានមានជីវិត តាមរយៈការជួយសង្គ្រោះបានទាន់ពេលពីគ្រូពេទ្យជំនាញ រួមនឹងការបញ្ចូលឈាម ប្រសិនជាចាំបាច់ ដូចនេះគំនិតបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃនេះ គឺពិតជាការបណ្តុះវប្បធម៌ចែករំលែក ដែលប្រជាជនកម្ពុជាយើង មានតាំងពីយូរលង់ណាស់មក និងជាពិសេសគឺស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។

តាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ អត្រានៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃមានត្រឹមតែរង្វង់ប្រមាណ ២០% នៃតម្រូវការឈាមតែប៉ុណ្ណោះ ក្នុងខណៈដែលប្រទេសក្នុងតំបន់មានអត្រានៃការបរិច្ចាគឈាមខ្ពស់ជាងនេះ ក្នុងរង្វង់លើសពី៩០% នៃតម្រូវការ។ ហេតុដូចនេះ ការចូលរួមរបស់យើងទាំងអស់គ្នា ជាពិសេសការចូលរួមរបស់យុវជនកម្ពុជាយើងក្នុងថ្ងៃនេះ ពិតជានឹងចូលរួមចំណែកដើម្បីឲ្យយើងទទួលបានការកើនឡើងអ្នកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងមិនគិតកម្រៃឆ្លើយតបនឹងតម្រូវការឈាមដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺយ៉ាងពិតប្រាកដ៕