(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី អ៊ុលគូ កូចាអាហ្វេ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា បានគាំទ្រឱ្យមានការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគី លើវិស័យសុខាភិបាល កសិកម្ម បរិស្ថាន ការពារជាតិ ទេសចរណ៍ ពាណិជ្ជកម្ម ការអនុវត្តច្បាប់ ពង្រីកទំនាក់ទំនងរវាងប្រជាជននិងប្រជាជនជាដើម។

ក្នុងជំនួបពិភាក្សាដែលបានធ្វើឡើងនារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព លោកស្រីឯកអគ្គរដ្ឋទូតតួកគីបានកសត់ម្គាល់ថា ក្រោយការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសតួកគី កាលពីខែតុលា ឆ្នាំ២០១៨កន្លងទៅ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរមានការរីកចម្រើនខ្ពស់ទ្បើងជាលំដាប់ ក្នុងនោះទំហំពាណិជ្ជកម្មទ្វេភាគីមានការកើនទ្បើងពីមួយឆ្នាំទៅមួយឆ្នាំ។

ចំពោះវិស័យអប់រំ តួកគីបានផ្តល់នូវអាហារូបករណ៍ដល់និស្សិតកម្ពុជា ព្រមទាំងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលវប្បធម៌តួកគី ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាការបើកឱ្យមានថ្នាក់រៀនភាសាតួកគីផងដែរ ដោយបច្ចុប្បន្ននេះមាននិស្សិតប្រមាណ៦០នាក់កំពុងសិក្សា។ ជាមួយគ្នានោះ តួកគីក៏បានបង្កើតឱ្យមានជាលើកដំបូងនូវការិយាល័យទីប្រឹក្សាទទួលបន្ទុកកិច្ចការពាណិជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនទៅមុខឆាប់រហ័ស។

លោកស្រីឯកអគ្គរដ្ឋទូតបានបញ្ជាក់ទៀតថា «រដ្ឋាភិបាលតួកគីមានបំណងក្នុងការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទៅលើវិស័យផ្សេងៗទៀត ដូចជា វិស័យសុខាភិបាល កសិកម្ម បរិស្ថាន ការពារជាតិ និងការអនុវត្តច្បាប់ជាដើម»

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលតួកគី ដែលបានគាំទ្រនិងផ្តល់កិច្ចសហការគ្នាយ៉ាងជិតស្និទ្ធក្នុងដំណើការនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។

សម្តេចធិបតីបានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៅតែបន្តគាំទ្រនិងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី ជាពិសេសលើកម្មវិធី និងគម្រោងនានាដែលកំពុងអនុវត្ត ជាក់ស្តែងនៅក្នុងវិស័យអប់រំ តួកគីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយកម្ពុជាក៏កំពុងសិក្សាអំពីលទ្ធភាពក្នុងការផ្តល់អាហារូបករណ៍ដល់និស្សិតតួកគីវិញផងដែរ»

សម្តេចធិបតីក៏បានបង្ហាញនូវក្តីរំពឹងទុកថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-តួកគីនឹងកាន់តែត្រូវបានពង្រឹងនិងពង្រីកឱ្យស៊ីជម្រៅបន្ថែមទៀត ជាពិសេសទំនាក់ទំនងរវាងប្រជាជននិងប្រជាជន វិស័យអប់រំ កសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម ដោយសម្តេចធិបតីបានលើកទឹកចិត្តឱ្យលោកស្រីឯកអគ្គរដ្ឋជួបផ្ទាល់ជាមួយបណ្តារដ្ឋមន្ត្រីនៃក្រសួង-ស្ថាប័នទាំងនោះផងដែរ។

ចំពោះវិស័យការពារជាតិវិញ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានរំពឹងទុកដែរថា នឹងមានការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងការចែករំលែកព័ត៌មានជាដើម ហើយតទៅអនាគតក៏អាចឈានទៅដល់ការធ្វើលំហាត់រួម ដើម្បីបង្កើននូវទំនាក់ទំនងរវាងកងទ័ពនិងកងទ័ពឱ្យកាន់តែជិតស្និទ្ធ។

សូមជម្រាបថា ក្នុងឱកាសជំនួបនេះដែរ លោកស្រីឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា និងប្រជាជនកម្ពុជា ដែលបានចូលរួមរំលែកទុក្ខនិងផ្តល់ជំនួយមនុស្សធម៌ ក្នុងកាលៈទេសៈដែលប្រទេសតួកគីជួបនូវគ្រោះធម្មជាតិរញ្ជួយដីកន្លងមក៕