(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយក្រសួងសុខាភិបាល ស្ដីពី «កិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា» តាមរយៈប្រព័ន្ធវីដេអូ (Zoom)។

ជំនួបពិភាក្សាខាងលើនេះ បានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធពីកាកបាទក្រហមកម្ពុជាផងដែរ។

ក្នុងជំនួបនោះលោកស្រី ឱ វណ្ណឌីន បានជម្រាបជូនពីបច្ចុប្បន្នភាព ក្នុងការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា ដោយក្រសួងសុខាភិបាល បាននិងកំពុងយកចិត្តទុកដាក់កែប្រែទម្លាប់រស់នៅ
ប្រចាំថ្ងៃរបស់ប្រជាជន ឱ្យទម្លាប់រស់នៅស្អាត បរិភោគស្អាត ធ្វើយ៉ាងណាឱ្យមានសុខភាពល្អ ដោយប្រកាន់ពាក្យស្លោក «ការពារប្រសើរជាងព្យាបាល»

លោកស្រីបានគូសបញ្ជាក់ថា ការចូលរួមរបស់ស្ត្រី ក្នុងគ្រួសារនីមួយៗ គឺជាកត្តាគន្លឹះក្នុងការជំរុញគ្រួសារឱ្យមានសុខភាពល្អ ព្រោះថាតួនាទីរបស់ស្ត្រីក្នុងគ្រួសារនីមួយៗ គឺជាភរិយា និងជាម្តាយ ដែលតែងតែក្រើនរំលឹកដល់សមាជិកគ្រួសារ អំពីសារសំខាន់នៃការថែទាំសុខភាព ការចាក់វ៉ាក់សាំងបង្ការជំងឺនានា ការបំបៅកូនដោយទឹកដោះម្តាយ ការផ្តល់អាហារូបត្ថម្ភដល់ទារក
និងកុមារជាដើម។

លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ បានលើកឡើងផងដែរថា ការងារដែលលោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើង គឺជាការងារដែលកាកបាទក្រហមកម្ពុជា
បាននិងកំពុងធ្វើជារៀងដរាបមកចាប់តាំងពីឆ្នាំ១៩៧៩ ដែលកាលនោះ កាកបាទក្រហមកម្ពុជា នៅប្រើប្រាស់ថវិការបស់ដៃគូ ដែលអនុវត្តនៅតាមខេត្តគោលដៅ។

មកដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា មានម្ចាស់ការទាំងនៅថ្នាក់កណ្តាល រហូតដល់សាខា ដែលបាននិងកំពុងធ្វើការងារសុខភាពតាមសហគមន៍នេះជាប្រចាំ ទៅតាមវិស័យអាទិភាពទី២ របស់យុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ២០២១-២០៣០ គឺ «សុខភាពនិងការថែទាំសុខភាពតាមសហគមន៍» ជាពិសេសផ្តោតលើការងារសុខភាព មាតា ទារក និងកុមារ និងការប្រយុទ្ធប្រឆាំងមេរោគអេដស៍ ដែលនេះជាឆ្លើយតបទៅនឹងគោរមងារទាំងពីររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។

ជាមួយគ្នានេះដែរ លោកស្រី ម៉ែន នារីសោភ័គ ក៏បានមានការចាប់អារម្មណ៍ លើចំណុចដែលជាការតម្រង់ទិសលើការងារថែទាំសុខភាពសហគមន៍ជាចាំបាច់ ដោយផ្តោតលើការចូលរួមពីបុគ្គល ក្រុមគ្រួសារ និងសហគមន៍ ដើម្បីជំរុញឱ្យពួកគាត់មានសុខភាពល្អ។ នេះជាអ្វីដែលបាននិងកំពុងធ្វើស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺការអភិវឌ្ឍមូលធនមនុស្ស ដែលសំដៅធ្វើយ៉ាងណាឱ្យមនុស្សមានសុខភាពល្អ មានសមត្ថភាព។

ក្នុងឱកាសនោះលោកស្រី ឱ វណ្ណឌីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែធ្វើកិច្ចការងារផ្ទាល់ជាមួយសហគមន៍ ហើយសង្ឃឹមជឿជាក់ថា ការចូលរួមរបស់កាកបាទក្រហមកម្ពុជានឹងក្លាយជាគំរូមួយដ៏ល្អ ដោយសារកាកបាទក្រហមកម្ពុជា មានសាខា អនុសាខា គ្រប់រាជធានីខេត្ត ក្រុងស្រុក និងមានបណ្តាញអ្នកស្ម័គ្រចិត្តនៅតាមសហគមន៍។

សូមជម្រាបថាក្នុងជំនួបនោះក៏មានធ្វើបទបង្ហាញ ស្តីពី ក្របខណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមនៅកម្ពុជា ដោយបានរំលេចអំពីសកម្មភាពស្នូលក្នុងការផ្តល់លទ្ធភាព និងការចូលរួមរបស់បុគ្គល គ្រួសារ និងសហគមន៍តាមរយៈសកម្មភាពចម្បងចំនួន ៤ ដោយលោកស្រីបណ្ឌិត ឈា ឆដាភា ប្រធានមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព របស់ក្រសួងសុខាភិបាល៖

១៖ កសាងអក្ខរកម្មសុខភាព និងជំនាញរបស់បុគ្គល គ្រួសារ និងសហគមន៍ដើម្បីគាំទដល់សុខភាព,
២៖ ចូលរួមរៀបរៀងរួមគ្នាសម្រាប់អន្តរាគមន៍សុខភាព និងសេវាការថែទាំសុខភាពបឋម,
៣៖ ពង្រឹងរចនាសម្ព័ន្ធ និងការចូលរួមក្នុងសេវាសុខភាព និងគណនេយ្យភាពចំពោះសហគមន៍
៤៖ ពង្រឹងភាពជាអ្នកដឹកនាំមូលដ្ឋានដើម្បីសុខភាព រួមទាំងសកម្មភាពពហុវិស័យ។

លោកស្រី ពុំ ចន្ទីនី បានថ្លែងអំណរគុណចំពោះការពន្យល់ ក៏ដូចជាការណែនាំតម្រង់ទិសពីក្រសួងសុខាភិបាល។ កាកបាទក្រហមកម្ពុជា នឹងបន្តជំរុញធ្វើកាងារនេះ ហើយសុំពេលពិចារណាជ្រើសរើស
យកទីតាំង ដែលនឹងត្រូវអនុវត្តនៅទូទាំងប្រទេស ដោយចាប់ផ្តើមពីខេត្តមួយ ឬជ្រើសរើសយកស្រុកមួយហើយដែលកាកបាទក្រហមកម្ពុជា នឹងស្នើសុំការជួយបច្ចេកទេសពីក្រសួងសុខាភិបាល។ លោកស្រី
សង្ឃឹមជឿជាក់ថា កិច្ចប្រតិបត្តិការរវាងកាកបាទក្រហមកម្ពុជា និងក្រសួងសុខាភិបាល នឹងកាន់តែជិតស្និទ្ធនិងរីកចម្រើន។

កាកបាទក្រហមកម្ពុជា នឹងខិតខំបំពេញតួនាទីក្នុងឋានៈស្របច្បាប់ជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដើម្បីបុព្វហេតុសង្គមជាតិ អនាគតប្រទេសជាតិយើង និងអនាគតរបស់កូនចៅយើង។

ទន្ទឹមនឹងនោះលោកស្រី ឱ វណ្ណឌីន ក៏បានសម្តែងនូវក្តីរីករាយក្នុងការចាំជួយផ្នែកបច្ចេកទេសគ្រប់ពេលវេលាគ្រប់ទីកន្លែង គ្រប់ពេលមានតម្រូវការពីកាកបាទក្រហមកម្ពុជា ដើម្បីចេញជាលទ្ធផលផ្លែផ្កា សម្រាប់ប្រជាជនកម្ពុជា មានសុខភាពល្អ សប្បាយរីករាយ និងមានអាយុវែង៕