(ភ្នំពេញ)៖ មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ឆ្នាំ២០២៣ ក្រោមប្រធានបទ «វប្បធម៌សន្តិភាព» ដែលរៀបចំឡើងនៅរោងមហោស្រពនាយកដ្ឋានសិល្បៈទស្សនីយភាព បានបិទបញ្ចប់នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ និងបានរកឃើញជ័យលាភីហើយ។

ពិធីបិទ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

ព្រឹត្តិការណ៍វប្បធម៌នេះ ធ្វើឡើងក្នុងគោលបំណងថែរក្សា ការពារ និងលើកស្ទួយទម្រង់សិល្បៈចាប៉ីដងវែង ដែលជាមរតកវប្បធម៌ជាតិដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន ដោយប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០២ ដលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ដោយមានវត្តមានរបស់ក្រុមសិល្បករចាប៉ីដងវែង ដែលមកពីបណ្តា រាជធានី-ខេត្ត បានដាក់ពាក្យចូលរួមប្រកួតប្រជែងសមត្ថភាព។

ជាលទ្ធផល បេក្ខជន ៣រូប ទទួលបានជ័យលាភីក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលមានសមភាពដូចខាងក្រោម៖

* ជ័យលាភីលេខ១ ទទួលបានពានមាស១ អមដោយទឹកប្រាក់ បានទៅលើក្រុមឈ្មោះ មន សុខ មកពីខេត្តសៀមរាប
* ជ័យលាភីលេខ២ ទទួលបានពានប្រាក់១ អមដោយទឹកប្រាក់ បានទៅលើក្រុមឈ្មោះ សា វណ្ណា មកពីខេត្ត
* ជ័យលាភីលេខ៣ ទទួលបានពានសំរិទ្ធ១ អមដោយទឹកប្រាក់ បានទៅលើក្រុមឈ្មោះ សូ សារ៉ន មកពីខេត្ត
* ចំណាត់ថ្នាក់កិត្តិយស ២ក្រុម ទទួលបានប្រកាសនីយបត្រ អមដោយទឹកប្រាក់ បានទៅលើឈ្មោះ ឈុន តុលា និងបេក្ខជន ច្រឹក សេ។

ក្នុងឱកាសនោះ លោកស្រី ឡងឌី សាន់ណារ៉ា បានសម្តែងនូវការអបអរសាទរដ៏ស្មោះចំពោះសិល្បករ ចាប៉ីដងវែង ទាំងអស់ ដែលទទួលបាន ជ័យលាភីនៅក្នុងមហោស្រពនាថ្ងៃនេះ។ ជាពិសេស លោកស្រីបានលើកទឹកចិត្តដល់ប្អូនៗ ជាសិល្បករ ដែលមិនទទួលបានពានរង្វាន់ និងសុំបន្តការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីរួមចំណែកលើកស្ទួយ វិស័យសិល្បៈទស្សនីយភាពឱ្យកាន់តែរីកចំរើន ប្រកបដោយ និរន្តរភាព។

លោកស្រីប្រធានគណៈអធិបតី បានបន្តថា «មហោស្រពចាប៉ីដងវែង មិនគ្រាន់តែជាវេទិកាប្រកួតប្រជែងយកពាន រង្វាន់នោះទេ ប៉ុន្តែគឺជាទីកន្លែងជួបជុំសិក្សាស្វែងយល់វាស់ស្ទង់សមត្ថភាព និងការចែករំលែក បទពិសោធ និងចំណេះដឹងផងដែរ។ ដូចនេះ គោលដៅសំខាន់នៃការរៀបចំមហោស្រពចាប៉ីនាពេលនេះ គឺដើម្បីផ្តល់ឱកាសក្នុងការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ  សំដៅពង្រឹងសមត្ថភាព និងលើកកម្ពស់ វិស័យសិល្បៈទស្សនីយភាពមួយនេះ ឱ្យកាន់ទៅរីកចម្រើនបន្ថែម»៕