Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តុលាការថា នឹងបន្តចំណាត់ការសាកសួរ​បន្ថែមទៀត​លើសំណុំរឿង «ជួប សម្លាប់» ក្រោយពិនិត្យភស្តុតាង​មួយចំនួននៅថ្ងៃនេះ

12-08-2016 13:39

(ភ្នំពេញ)៖ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា តុលាការនឹងបន្តចំណាត់ការសាកសួរបន្ថែមទៀត នៅលើសំណុំរឿងរបស់ លោក ជួប សម្លាប់ បន្ទាប់ពីសាក​សួរ និងពិនិត្យភស្តុតាងមួយចំនួន នៅថ្ងៃសុក្រនេះ។

លោក លី សុផាណា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ចៅក្រមសើបសួរបានសួរចម្លើយបន្ថែមទៅលើជនត្រូវចោទឈ្មោះ ជួប សម្លាប់ និងពិនិត្យទៅលើភស្តុតាងនានា ហើយនឹងបន្ត​ចំណាត់​ការ​ស៊ើប​សួរនៅក្នុងរឿងក្តីនេះ»

លោក ជួប សម្លាប់ ដែលសមត្ថកិច្ចអះអាងថា ជាជនដៃដល់ក្នុងការបាញ់សម្លាប់ លោកបណ្ឌិត កែម ឡី នោះ ត្រូវបានអនុរក្សពន្ធនាគារព្រៃស បញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកមិញ ដើម្បីបន្តសាកសួរបន្ថែម។ ខណៈដែលការសាកសួរកន្លងមក ត្រូវបានសមត្ថកិច្ចអះអាងថា ជននេះមិនព្រមសារភាពអ្វីលើសពីការអះអាងថា ខ្លួនឈ្មោះជួប សម្លាប់ នោះឡើយ។

ជនដៃដល់ដែលដាក់រហ័សនាមខ្លួនឯងថា ជួប សម្លាប់ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ដោយចោទប្រកាន់ចំនួន២ករណី ដែលធ្វើឱ្យរូបគេប្រឈម នឹងការជាប់ពន្ធនាគារមួយជីវិតក្នុងនោះទី១ ពីបទឃាតកម្មគិតទុកជាមុន និងទី២ ជាបទ កាន់កាប់អាវុធគ្មានការអនុញ្ញាត៕