(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា លោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodríguez Barrios) បានគូសរំលេចថា ប្រធានាធិបតី និងប្រជាជនគុយបា ទន្ទឹងរង់ចាំស្វាគមន៍ដោយសេចក្តីសោមនស្សរីករាយនៃដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅប្រទេសគុយបា។
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ លោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានជម្រាបសម្តេចធិបតី ពីការអញ្ជើញរបស់ប្រធានាធិបតីគុយបា ទៅទស្សនកិច្ចនៅគុយបា។
លោកស្រីឯកអគ្គរដ្ឋទូត បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅគុយបា តបតាមការអញ្ជើញរបស់ប្រធានាធិបតីគុយបា ហើយប្រជាជនគុយបាទាំងអស់នឹងត្រៀមខ្លួនទទួលស្វាគមន៍សម្តេចធិបតី យ៉ាងកក់ក្តៅបំផុត។
ជាការឆ្លើយតប សម្តេចធិបតី បានឯកភាពទទួលយកសំណើនេះដោយរីករាយ និងបានបញ្ជាក់អំពីបំណងដូចគ្នានេះ ដោយសម្តេចធិបតី នឹងស្វែងរកពេលវេលាសមស្របណាមួយក្នុងពេលខាងមុខ។
ក្រៅពីជជែកលើកិច្ចការខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក លីយូរកា រ៉ូឌ្រីហ្គេស បារីយ៉ូ បានជជែកលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងគុយបាផងដែរ។
លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់អំពីជំហររបស់រដ្ឋាភិបាល និងប្រជាជនគុយបា ចំពោះកម្ពុជាថា កម្ពុជា គឺជាមិត្តដ៏ល្អរបស់គុយបា ដែលតែងជួយគ្នាគ្រប់ពេល និងគ្រប់កាលៈទេសៈ។ ថ្វីបើភូមិសាស្ត្រនៃប្រទេសទាំងពីរនៅឆ្ងាយពីគ្នាក៏ដោយ ក៏បេះដូងដ៏កក់ក្តៅរបស់ប្រជាជាតិទាំងពីរនៅជិតគ្នាជានិច្ច។
លោកស្រីឯកអគ្គរដ្ឋទូត ក៏បានកត់សម្គាល់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ក្នុងវិស័យជាច្រើន ជាអាទិ៍៖ វិស័យសុខាភិបាល, កសិកម្ម, និងវិស័យសក្តានុពលផ្សេងៗទៀត។ លោកស្រី ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់កិច្ចសហការជិតស្និទ្ធក្នុងរយៈពេលនៃការបំពេញការងារការទូតរបស់លោកស្រីនៅកម្ពុជា។
ក្នុងនាមរដ្ឋាភិបាល និងប្រជាជនគុយបា លោកស្រីឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់បញ្ជូនលោកឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន តំណាងជាន់ខ្ពស់កម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូល G77+China នៅទីក្រុងហាវ៉ាណា កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ។
ក្នុងជំនួបនោះសម្តេចធិបតី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ លោកស្រីឯកអគ្គរដ្ឋទូត និងបានផ្តាំផ្ញើនូវការអរគុណជូនចំពោះលោកប្រធានាធិបតី Miguel Díaz-Canel Bermúdez ដែលបានផ្ញើសារលិខិតអបអរសាទរ ក្នុងឱកាសសម្តេចធិបតី ចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រី។ សម្តេចធិបតី បានរំលឹកផងដែរអំពីលទ្ធផលជាផ្លែផ្កានៃកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទរវាងថ្នាក់ដឹកនាំទាំងពីរ នាពេលថ្មីៗនេះ។
ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ជាពិសេសក្នុងកាលៈទេសៈដ៏លំបាកបំផុតរបស់កម្ពុជា នៅក្រោយការរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលកាលនោះកម្ពុជាមិនមានមិត្តភក្តិច្រើននៅឡើយ ហើយប្រទេសគុយបាបានក្លាយជាមិត្តដ៏ល្អ ហើយមិត្តភាពនេះក៏បានបន្តរហូតមកដល់បច្ចុប្បន្ន និងក៏កំពុងបន្តពង្រឹង និងពង្រីកទៅមុខកាន់តែរឹងមាំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា គុយបា ជាមិត្តដ៏ពិតប្រាកដ និង ជាមិត្តល្អ ដែលតែងជួយគ្នាក្នុងគ្រាលំបាក។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកឡើងអំពីបំណងរបស់កម្ពុជា ក្នុងការផ្តល់ជំនួយបច្ចេកទេសផ្នែកកសិកម្មទៅដល់ប្រទេសគុយបា រួមទាំងការស្នើជំរុញឱ្យមានការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការគ្រប់កម្រិត ដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ចទាំងកម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់ និងកម្រិតមន្ត្រីបច្ចេកទេស ព្រមទាំងការផ្លាស់ប្តូររវាងធុរកិច្ច និង ធុរកិច្ច ព្រមទាំងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឱ្យកាន់តែជិតស្និទ្ធ ដូចជំនាន់ព្រះបរមរតនកោដ្ឋ និងលោកប្រធានាធិបតី ហ្វីដែល កាស្ត្រូ៕