(ពោធិ៍សាត់)៖ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងមន្ត្រីរាជការនានាជុំវិញខេត្ត នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បាននាំយកថវិកា និងទេយ្យទានមួយចំនួន ចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តហង្សាបីតិ (វត្តព្រែកស្តី) ដែលស្ថិតក្នុងសង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ចំពោះថវិកា និងទេយ្យទាន សម្រាប់ចូលរួមកាន់បិណ្ឌវេនទី៥ វត្តព្រែកស្តី រួមមានអង្ករ២៥០គីឡូក្រាម មី៥កេសតូច ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស ទឹកត្រី ទឹកស៊ីអ៊ីវមួយចំនួន និងថវិកាចំនួន១លាន ៦៥ម៉ឺនរៀល។ ក្រៅពីនោះលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាកមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ថវិកាកសាង១ពាន់ដុល្លារ, សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ថវិកា១លានរៀល, មន្ទីរកិច្ចការនារីខេត្ត២៨ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគ ព្រមទាំងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានលើកឡើងថា ក្នុងរដូវបុណ្យកាន់បិណ្ឌឆ្នាំនេះ ក៏ដូចបណ្តាឆ្នាំកន្លងមក រដ្ឋបាលខេត្ត រួមជាមួយសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលមានលោកស្រី អាំង សុជាតា ខូយរីដា ជាប្រធានកិត្តិយស តែងតែមានសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទេយ្យទាន និងថវិកា ដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗមិនដែលខកខាននោះឡើយ។ ជាក់ស្តែងឆ្នាំនេះ ទោះជាស្ថានភាពក្នុងរយៈពេលប៉ុន្មានថ្ងៃ ខេត្តពោធិ៍សាត់បានទទួលរងគ្រោះជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ បណ្តាលឱ្យខូចខាតផ្ទះសម្បែង ផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងណាក៏ដោយ ក៏នៅតែបន្តចូលរួមកាន់បិណ្ឌ នៅតាមបណ្តាវត្ត ក្នុងគោលបំណងចូលរួមផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ក្នុងទីវត្តអារាម ដែលមានរយៈពេល៣ខែ ចាប់ពីថ្ងៃចូលព្រះវស្សា រហូតដល់ថ្ងៃចេញព្រះវស្សា។

បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជាបុណ្យធំជាងគេ នៅក្នុងចំណោមបុណ្យផ្សេងៗទៀត ដែលប្រជាពលរដ្ឋខ្មែរ ហើយជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែចូលរួមអភិរក្ស ថែរក្សា មិនឱ្យបាត់បង់ប្រយោជន៍ ទុកសម្រាប់កូនចៅជំនាន់ក្រោយៗប្រតិបត្តិ។ លោកបានរំលឹកថា ជាការពិតណាស់ថា នៅក្នុងអំឡុងរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គឺជារដូវវស្សាមានរលឹម ភ្លៀងផ្គរ ជោគជាំ តែងតែបង្កការលំបាកដល់ព្រះមន្ត្រីសង្ឃ ព្រះសង្ឃពេលធ្វើគោចរបិណ្ឌបាត ដូចនេះហើយបានជាពុទ្ធបរិស័ទយើង បានបង្កើតកម្មវិធីវេន កាន់បិណ្ឌនេះឡើង ដើម្បីបង្កភាពងាយស្រួលដល់ព្រះសង្ឃ។

ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្ត សូមសម្តែងនូវការគោរពកោតសរសើរ ដល់គណៈអភិបាលខេត្ត មន្ត្រីរាជការ និងសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ដែលមានលោកស្រី អាំង សុជាតា ខូយរីដា ជាប្រធានកិត្តិយស សូមកុសលផលបុណ្យ បានទៅដល់ញាតិការតាមរយៈអនុភាព នៃសង្ឃទក្ខិណាទាន បានរួចផុតក្តីលំបាកសោកសៅ។

នៅក្នុងឱកាសនោះដែរ លោកស្រី អាំង សុជាតា បានចែកជូនទានលោកតាលោកយាយ នូវថវិកាមួយចំនួនផងដែរ៕