(ភ្នំពេញ)៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា សហការជាមួយក្រុមហ៊ុន ខេ & ខេ ផាយ៍ (ខេមបូឌា) នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាស្ដីពីការដាក់ឱ្យដំណើរការកម្មវិធីសិក្សាបរិញ្ញាបត្ររង «វិស្វកម្មផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធទឹកក្នុងអាគារ» ដែលជាកម្មវិធីសិក្សាដែលបណ្តុះបណ្តាលនិស្សិតនៅលើមុខជំនាញដ៏សំខាន់ សម្រាប់បង្កើតនូវធនធានមនុស្សដែលមានចំណេះដឹង និងជំនាញជាក់លាក់ សម្រាប់បម្រើការងារក្នុងវិស័យទឹកស្អាត និងបណ្តាញទឹកក្នុងសំណង់អាគារនានា។

កម្មវិធីសិក្សានេះ មានគោលបំណងចំនួនពីរ៖

ទី១៖ កម្មវិធីនេះនឹងរួមចំណែកក្នុងការសម្រេចគោលដៅរាជរដ្ឋាភិបាល ក្នុងការផ្គត់ផ្គង់ទឹកស្អាត ដល់ប្រជាពលរដ្ឋ ១០០% នៅឆ្នាំ២០៣០ ដោយជួយបង្កើនអ្នកជំនាញបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត តាមបណ្ដាស្ថានីយ៍ទឹកស្អាតរដ្ឋ និងជាពិសេសស្ថានីយ៍ទឹកស្អាតឯកជននៅទូទាំងប្រទេសកម្ពុជា។

ទី២៖ កម្មវិធីសិក្សានេះនឹងជួយបង្កើនចំនួនអ្នកបច្ចេកទេស ដែលមានជំនាញច្បាស់លាស់ក្នុងការដំឡើងបណ្ដាញទឹកនៅក្នុងអគារ។ ដើម្បីជាការគាំទ្រដល់កម្មវិធីសិក្សានេះឱ្យមានប្រសិទ្ធភាពខ្ពស់ ក៏មានតំណាងចូលរួមមកពីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្រ្ដ និងនវានុវត្ដន៍ ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋាករទឹកស្អាតរដ្ឋ និងឯកជន ក្រុមហ៊ុន និងអង្គការដែលកំពុងប្រតិបត្ដិការក្នុងការងារទឹកស្អាត និងបណ្ដាញទឹកក្នុងអាគារ។

ក្នុងកម្មវិធីពិធីនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានរៀបចំកម្មវិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ជាមួយក្រុមហ៊ុន ខេ&ខេ ផាយ៍ (ខេមបូឌា) និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។

ខ្លឹមសារសំខាន់នៃសេចក្ដីព្រមព្រៀងនេះ គឺការបង្កើតមិត្តភាពរយៈពេលវែងរវាងគ្រឹះស្ថានអប់រំ និងក្រុមហ៊ុនឯកជន ព្រមទាំងការដាក់ចេញនូវកិច្ចសហប្រតិបត្តិ ដើម្បីលើកកម្ពស់ការអប់រំ និងការស្រាវជ្រាវសិក្សាក៏ដូចជាបច្ចេកទេសដោយឈរលើមូលដ្ឋានរួម គឺការចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទឹកស្អាត។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ នឹងត្រូវបានចុះហត្ថលេខាដោយអគ្គនាយក នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងលោកអគ្គនាយក នៃក្រុមហ៊ុន ខេ & ខេ ផាយ៍ (ខេមបូឌា) និងប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា។ លើសពីនេះ ពិធីចុះហត្ថលេខានេះមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ សមាជិកអាជីវករផ្គត់ផ្គង់ទឹកស្អាត ក្រុមហ៊ុនបណ្ដាញទឹកក្នុងអាគារ និងអ្នកពាក់ព័ន្ធដទៃទៀតដែលកំពុងធ្វើការក្នុងវិស័យទឹក ដើម្បីចូលរួមកិច្ចពិភាក្សាលើការដាក់ឱ្យដំណើរការកម្មវិធីសិក្សាថ្មីនេះ និងការចូលរួមជាសក្ខីភាពផងដែរ។

ក្រុមហ៊ុន ខេ & ខេ ផាយ៍ (ខេមបូឌា) យល់ព្រមគាំទ្រការស្រាវជ្រាវ និងការរៀនសូត្ររបស់សិស្សតាមរយៈការផ្តល់នូវបំពង់ទុយោប្រភេទ HDPE/LDPE រួមជាមួយគ្រឿង និងឧបករណ៍ដំណរ (Fitting) គ្រប់ប្រភេទ សម្រាប់ការរៀបចំមន្ទីរពិសោធន៍ទឹក (Plumbing Lab) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ លើសពីនេះ ក្រុមហ៊ុននឹងផ្តល់កម្មវិធីកម្មសិក្សា និងឱកាសការងារ ក៏ដូចជាការរៀបចាំសិក្ខាសាលាផ្សេងៗដល់និស្សិត នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ។ ដោយឡែកតាមរយៈសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា សមាគមនឹងជួយសម្រួលកន្លែងចុះកម្មសិក្សារបស់និស្សិត ហើយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានឹងបញ្ចុះតម្លៃសិក្សាសម្រាប់បុគ្គលិករបស់ប្រតិបត្ដិករទឹកស្អាតដែលជាសមាជិក។

អត្ថប្រយោជន៍នៃការចុះអនុស្សរណៈយោគយល់នាពេលនេះនឹងផ្តល់ឱកាសឱ្យភាគីទាំងពីរអាចធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធបន្ថែមទៀតក្នុងការលើកកម្ពស់ចំណេះដឹង និងការរៀបចំកម្មវិធីបណ្តុះបណ្តាលកសាង និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ក្នុងវិស័យទឹកស្អាតឱ្យកាន់តែប្រសើរឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារជាក់ស្តែង ទាំងបច្ចុប្បន្ន និងអនាគត៕