(កំពង់ស្ពឺ)៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦នេះ បានចុះអន្តរាគមន៍ដោះស្រាយអំពីបព្ហា របាយទឹកភ្លៀងដែលធ្លាក់រាយប៉ាយពុំបានស្មើល្អ បានធ្វើឲ្យផ្ទៃដីបង្កបង្កើនផលស្រូវវស្សានៅខេត្តកំពង់ស្ពឺ ប្រមាណ១៣០០ហិកតា បាននិងកំពុងជួបប្រឈមបព្ហាកង្វះខាតទឹក។
ទីតាំងកំពុងចុះអន្តរាគមន៍ស្ថិតនៅក្នុងភូមិថ្មី សង្កាត់កណ្តោលដុំ ក្រុងច្បារមន មានផ្ទៃដី ចំនួន១៥០ហិកតា ត្រូវបានអន្តរាគមន៍ក្នុងរយៈពេល០៣សប្តាហ៍កន្លងមកហើយ ដោយចាប់ផ្តើមពីការបូមទឹក ឱ្យបងប្អូនស្ទូង និងបន្តបូមបញ្ចូលស្រែឲ្យមានទឹកគ្រប់គ្រាន់ ដោយប្រើប្រាស់ម៉ាស៊ីនចល័តខ្នាតមធ្យមចំនួន០១គ្រឿង។ទីតាំងទី២ស្ថិតនៅក្នុងឃុំតាំងសំរោង ស្រុកភ្នំស្រួច មានផ្ទៃដីប៉ះពាល់ប្រមាណ ៤៥០ហិកតា ចាប់ផ្តើមអន្តរាគមន៍ពីថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០១៦ ដោយប្រើប្រាស់ស្ថានីយសម្តេច សាយ ឈុំ ចំនួន ០១ កន្លែង និងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន០១គ្រឿង។ ទីតាំងទី៣ស្ថិតនៅក្នុងភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង មានផ្ទៃដីប៉ះពាល់ប្រមាណ២០០ហិកតា។ ការងារអន្តរាគមន៍ បានចាប់ផ្តើមពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ដោយប្រើប្រាស់ម៉ាស៊ីនចល័តខ្នាតមធ្យម ចំនួន០១គ្រឿង។
សូមបញ្ជាក់ថា ក្រៅពីផ្ទៃដីដែលបានប៉ះពាល់ខាងលើមន្ទីរបាន និងកំពុងតម្លើងម៉ាស៊ីន បូមទឹកនៅទីតាំងដែលប្រឈមចំនួន ០២កន្លែងទៀត ក្នុងនោះមាន៖ ១. ឃុំព្រះនិពាន្ត ស្រុកគងពិសី មានផ្ទៃដីប៉ះពាល់ប្រមាណ២០០ហិកតា និង២.ឃុំប្រាំបីមុំ ស្រុកថ្ពង មានផ្ទៃដីប៉ះពាល់ប្រមាណ៣០០ហិកតា៕