(ភ្នំពេញ)៖ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ និងអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគណៈកម្មការមួយ ចុះត្រួតពិនិត្យទីតាំងស្នាក់នៅរួម និងក្លឹបកំសាន្តទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខអោយបានរឹងមាំ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសគ្រឿងញៀន និងការជួញដូរមនុស្សគ្រប់ទម្រង់។

ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវបង្កើតគណៈកម្មការចុះត្រួតពិនិត្យទីតាំងស្នាក់នៅរួម និងក្លឹបកំសាន្តទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខ ឲ្យបានរឹងមាំ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសទប់ស្កាត់ ការជួញដូរគ្រឿងញៀន និងការជួញដូរមនុស្សគ្រប់ទម្រង់។

លោកបញ្ជាក់ថា «គណៈកម្មការនេះ ត្រូវតែចេញដំណើរជាបន្ទាន់ ហើយការចុះត្រួតពិនិត្យនោះ ដាច់ខាតត្រូវធ្វើកំណត់ហេតុ និងចុះហត្ថលេខា ពីម្ចាស់ទីតាំង ដែលមានភាគហ៊ុនធំជាងគេ មិនអនុញ្ញាតឲ្យមេការគ្រប់គ្រង មកទទួលខុសត្រូវ ចុះហត្ថលេខាជំនួសនោះទេ។ ការងារនេះ ត្រូវតែក្តាប់ឲ្យបាន បើយើងក្តាប់ស្ថិតិនេះមិនបាន តើយើងធ្វើអីកើត»

លោកបន្តថា «ចំពោះការគ្រប់គ្រងអាវុធជាតិផ្ទុះជារឿងសំខាន់ ដែលយើងត្រូវពង្រឹង និងគ្រប់គ្រងអោយបាន ដើម្បីកុំឲ្យក្រុមសង្គមងងឹតធ្វើសកម្មភាពបាន។ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវតែគ្រប់គ្រងមនុស្ស ចេញ-ចូលរាជធានីភ្នំពេញឲ្យបាន។ ការរឹតបណ្តឹងខ្លាំង វាមិនប៉ះពាល់ដល់វិស័យទេសចរណ៍ទេ បើរាជធានីភ្នំពេញយើងមានសន្តិសុខល្អប្រសើរ នោះអ្នកទេសចរបរទេស គេនឹងមកលេងរាជធានីភ្នំពេញរបស់យើង កាន់តែច្រើនហើយ។ ការរឹតបណ្តឹងខាងលើនេះ ត្រូវអនុវត្តចាប់ពីពេលនេះតទៅ រហូតដល់បុណ្យភ្ជុំបិណ្ឌ បន្តដល់បុណ្យអ៊ុំទូកនិងបន្តរហូតទៅ»។

លោក ឃួង ស្រេង បានបន្ថែមទៀតថា ក្រៅពីវិធានការខាងលើហើយនោះ ការដាក់កម្លាំង ពិនិត្យអាវុធជាតិផ្ទុះ ការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ការបង្រ្កាបល្បែងស៊ីសងនៅតាមមូលដ្ឋាន ក៏រឿងសំខាន់ ដែលត្រូវតែអនុវត្តឲ្យមានប្រសិទ្ធភាព ជាមួយនិងការចុះពង្រឹងសន្តិសុខ បង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនៅតំបន់ស្មុគស្មាញឲ្យបាន ២៤ម៉ោងលើ២៤ម៉ោង ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ៕