(ពោធិ៍សាត់)៖ បន្ទាប់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់អំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១,៨៤៥គ្រួសារ ក្នុងឃុំចំនួន១៦នៃក្រុងពោធិ៍សាត់ ស្រុកកណ្ដៀង វាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣, នៅព្រឹកថ្ងៃទី៤ ខែតុលានេះ មន្ដ្រីស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចុះទៅចែកអំណោយមនុស្សធម៌នេះភ្លាមៗ ដល់ទីតាំងគ្រួសាររងគ្រោះផ្ទាល់។

ការអញ្ជើញចុះផ្ដល់អំណោយជាជំហានដំបូងនេះ គឺបានចែកជូនដល់ប្រជាពលរដ្ឋ ចំនួន៩២៥គ្រួសារ មកពី៥៦ភូមិ ៦ឃុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ហើយពិធីនេះប្រព្រឹត្តទៅទល់មុខសាលាស្រុកណ្តៀងក្រោមវត្ដមានលោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ លោក ពៅ ពិសិទ្ធ អភិបាលរងខេត្ត និងលោក កាង ប៉េងហាក់ អនុប្រធានអចិន្ត្រៃយ៍គណៈ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ ក្រុមប្រតិបត្តិសាខា អនុសាខាស្រុកកណ្តៀង។

លោកវេជ្ជ. អ៊ុយ សំអាត បានថ្លែងថា កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានសម្រចផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១,៨៤៥គ្រួសារ ក្នុងនៅឃុំចំនួន១៦នៃក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលមានរយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ សម្រាប់ថ្ងៃនេះ គឺបានផ្ដល់ជូនចំនួន ៩២៥គ្រួសារ និងបន្ដដំណើរទៅចុះចែកនៅជូនប្រជាពលរដ្ឋយើងជាបន្ដបន្ទាប់។

លោកបានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះបំផុត ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាព និងប្រុងប្រយ័ត្នខ្ពស់ចំពោះចាស់ជរា និងកុមារ ដោយយថាហេតុណាមួយ និងសូមប្រកាន់ភ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត និងត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផលនិងប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។

ឆ្លៀតក្នុងឱកាសនេះដែរ លោកវេជ្ជ. បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ព្រោះនៅពេលចុះពិនិត្យស្ថានភាពទឹកលិចដោយជំនន់ទឹកភ្លៀង តែងតែឃើញថង់ប្លាស្ទិកគ្រប់ទីកន្លែងដែលផ្តល់ផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន ជាក់ស្តែងថ្មីៗកន្លងទៅនេះ កាកបាទក្រហមកម្ពុជា ទើបបានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅកំពង់ឆ្នាំង។

សូមជម្រាបថា គ្រួសារងាយរងគ្រោះដោយជំនន់ទឹកភ្លៀងខាងលើនេះ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) និងទឹកស៊ីអ៊ីវ ឬទឹកត្រី ៦ដប។

បន្ទាប់ពីបញ្ចប់កម្មវិធីផ្តល់អំណោយនេះ លោកវេជ្ជ. អ៊ុយ សំអាត និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋចំនួន ៥ខ្នងផ្ទះ ដែលមិនអាចធ្វើដំណើរមកទទួលអំណោយបាន។

អំណោយទទួលបានរួមាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) ទឹកស៊ីអ៊ីវ និងថវិកា១០ម៉ឺនរៀល៕