(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ និងលោកស្រី អ៊ួន សុវណ្ណរិន្ទ ព្រមទាំងក្រុមគ្រួសារ និងលោក ហែម ដារិទ្ធ និងលោកស្រី បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌវេនទី៦ នៅវត្ដអង្គពោធិញាណ ស្ថិតក្នុងភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ៥រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ ដោយជួបជុំម្ចាស់ក្រុមវេន និងភ្ញៀវកិត្តិយសជិតឆ្ងាយ ព្រមទាំងមន្ត្រីរាជការសាលាខណ្ឌមានជ័យ ប្រគេនភេសជ្ជៈព្រះសង្ឃ បន្ទាប់មកប្រារព្ធ ពិធីនមស្សការព្រះរតនៈត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា។

ក្នុងពិធីនោះក៏មានរៀបចំបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃសមាទានសីល ធ្វើកិច្ចនមស្សការប័ង្សុកុលព្រមទាំងបាននាំយកនូវបច្ច័យទេយ្យទានគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ ផ្លែឈើ នំចំណី ជាច្រើនមុខទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លា អានិសង្ឃ ជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្ដាន។

ពិធីកាន់បិណ្ឌនេះ ជាបុណ្យប្រពៃណីជាតិដ៏ធំមួយ ត្រូវធ្វើឡើង ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ជាកាលបរិច្ឆេទ ដែលសន្មត់ទុកថាជា ថ្ងៃបុណ្យភ្ជុំបិណ្ឌ ដើម្បី ឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ របស់ឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វ ហេតុរំដោះជាតិ និងប្រជាជន ពីរបបអាណានិគមចាស់ ថ្មី និងពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ជាងនេះទៅទៀត គឺប្រជាជនស្លូតត្រង់ ដែលទទួលទុក្ខទារុណកម្មយ៉ាងព្រៃផ្សៃ និងស្លាប់យ៉ាងអយុត្តិធម៌ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយសូមឱ្យដួងវិញ្ញាណក្ខន្ធ អ្នកទាំងអស់នោះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ចំពោះបច្ច័យព្រះសង្ឃ និងសំភារៈ គ្រឿងឧបភោគបរិភោគ ដែលលោក ប៉ា សុជាតិវង្ស និងលោកស្រី នាំមកប្រគេនដល់ព្រះសង្ឃវត្តអង្គពោធិញាណ រួមមាន៖

១-បច្ច័យព្រះសង្ឃ (១៥អង្គ) ស្មើ ៣៨០.០០០រៀល ក្នុងនោះ (ព្រះចៅអធិការវត្ត ១០០.០០០៛ និង ព្រះសង្ឃ ២០.០០០៛ ក្នុងមួយអង្គ)
២-បច្ច័យកសាង ចំនួន ២០.០០០.០០០រៀល
៣-បច្ច័យចង្ហាន់ ចំនួន ២.០០០.០០០រៀល
៤-សាដក ចំនួន១៦ឈុត
៥-អង្ករ ចំនួន១០០គីឡូក្រាម
៦-ស្ករស ចំនួន១០០ គីឡូក្រាម
៧-មី ចំនួន ២កេស (ធំ)
៨-ត្រីខ ចំនួន ២កេស (ធំ)
៩-ទឹកដោះគោខាប់ ចំនួន ២ កេស
១០-ទឹកក្រូច ចំនួន ២០កេស
១១-ទឹកបរិសុទ្ធឱរ៉ាល់ ចំនួន ៥០ កេស
១២-ផ្លែឈើ ចំនួន ២ កន្ត្រក
១៣-ក្រណាត់ស និង ថវិកា ជូនលោកតា-លោកយាយចំនួន ៣០នាក់ សរុបជាទឹកប្រាក់ចំនួន ៨៥២.០០០រៀល ក្នុងនោះ ដែលម្នាក់ៗទទួលបាន (ក្រណាត់ស ១ដុំ និងថវិកាចំនួន ២០.០០០៛) ។

បច្ច័យ និងថវិកាចំណាយខាងលើ គឺបានមកពីសទ្ធាជ្រះថ្លា របស់លោក ប៉ា សុជាតិវង្ស និងលោកស្រី ព្រមទាំងក្រុមគ្រួសារ, លោក ហែម ដារិទ្ធ អភិបាលខណ្ឌមានជ័យ និងលោកស្រី រួមទាំងមន្ត្រីទាំងអស់ ស្ថិតក្នុងខណ្ឌមានជ័យ៕