(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានទទួលជួបប្រតិភូក្រសួងព្រះបរមរាជវាំង ដឹកនាំដោយលោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជរាំង និងសហការី ក្នុងគោលបំណងចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នាទីស្តីការក្រសួង។

ក្នុងជំនួបនេះដែរលោក គុយ សុផល បានថ្លែងអបអរសាទរ និងជូនពរ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុងឱកាសដែល​ លោកទទួលបាននូវការទុកចិត្តពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងថ្លែងអំណរគុណ ចំពោះក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំ​ប្រឹងប្រែង និងសហការយ៉ាងល្អ​ គ្រប់កម្រិតដែលសម្រេចបាននូវសមិទ្ធផលដ៏ច្រើននាពេលកន្លងមក ជូនប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងការកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនដល់ប្រតិភូចំពោះការជូនពរ និងការរលើកឡើងនូវសមិទ្ធផលដ៏ច្រើន ដែលក្រសួងសុខាភិបាលបានសម្រេចនាពេលកន្លងមក។ លោកក៏បានបន្ថែមថា ក្នុងនាមថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ នឹងប្តេជ្ញាខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧​ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕